Bellingham និង Foden ត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេសវិញ ត្រៀមលេងជម្រុះ World Cup ក្នុងខែនេះ

08-11-2025 08:13

(បរទេស)៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស លោក Thomas Tuchel បានថ្លែងថា ខ្សែបម្រើ Jude Bellingham និង Phil Foden ត្រូវបានកោះហៅចូលជម្រើសជាតិឡើងវិញ ដើម្បីត្រៀមលេងជម្រុះ World Cup 2026 នាសប្តាហ៍ក្រោយនេះទល់នឹងស៊ែប៊ី និងអាល់បានី។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ខាងលើនេះ ក៏បានធ្វើការកោះហៅខ្សែបម្រើមកពីក្លឹប AFC Bournemouth គឺ Alex Scott ពីការបង្ហាញខ្លួនក្នុងឈុតធំរបស់តោកំណាចជាលើកដំបូងទៀតផង ដ្បិតពួកគេបានកក់កៅអីទៅ World Cup ជុំចុងក្រោយរួចរាល់ហើយក្តី។

នៅចាំបានថា ទាំង Bellingham របស់ Real Madrid និង Phil Foden នៃក្លឹប Manchester City សុទ្ធតែបានរួមចំណែកជួយអង់គ្លេស ឡើងដល់វគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ ដែលពួកគេបានចាញ់អេស្ប៉ាញ ២-១ នាអំឡុងខែកក្កដា។

លោក Tuchel ដែលធ្លាប់ដឹកនាំក្លឹបអាជីព តោខៀវ Chelsea ឈ្នះជើងឯក UEFA Champions League 2021 ត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យដឹកនាំក្រុមជម្រើសជាតិអង់គ្លេសតពីលោក Gareth Southgate ដែលបានលាឈប់ គិតចាប់តាំងពីខែមករា ឆ្នាំ២០២៥ ក្រោមកិច្ចសន្យារយៈពេល ១៨ខែ ក្នុងនាមជាគ្រូបង្វឹកអន្តរជាតិទី៣ ផងដែរ ដែលបានធ្វើការនៅកីឡដ្ឋានជាតិ Wembley។

រូបលោកបានដឹកនាំអង់គ្លេស អតីតម្ចាស់ជើងឯក World Cup តែមួយលើកកាលឆ្នាំ១៩៦៦ ដណ្តើមបានកៅអី World Cup 2026 មុនគេ ក្នុងចំណោម ១៦កៅអីសរុបប្រចាំទ្វីបអឺរ៉ុប តាមរយៈបំបាក់ឡាត់វីកាលពីខែមុន។ ពួកគេត្រូវធ្វើម្ចាស់ផ្ទះទទួលស៊ែប៊ី នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា មុនពេលធ្វើដំណើរទៅប៉ះអាល់បានីនៅ ៣ថ្ងៃបន្ទាប់ ដើម្បីលេងបញ្ចប់សន្សំពិន្ទុប្រចាំពូល K តែម្តង៕