FIFA កំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីចាប់ឆ្នោតលេងវគ្គជម្រុះអន្តរទ្វីប សម្រាប់ World Cup 2026
08-11-2025 08:21
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានបង្ហាញពីកាលបរិច្ឆេទ ត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីរៀបចំកម្មវិធីចាប់ឆ្នោតលេងជម្រុះអន្តរទ្វីប ក្នុងការប្រជែងកៅអីឡើងទៅ World Cup ជុំចុងក្រោយនាឆ្នាំ២០២៦ ខាងមុខ។
យោងតាមការបង្ហោះនៅលើទំព័រផ្លូវការរបស់ FIFA បានឱ្យដឹងថា ពិធីចាប់ឆ្នោតនេះដែរនឹងធ្វើឡើងនៅទីស្នាក់កណ្តាលរបស់សហព័ន្ធផ្ទាល់តែម្តង ដែលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។
គួរបញ្ជាក់ផងថា គិតមកទល់ពេលនេះ FIFA បានរកឃើញ ២៨ក្រុម (ប្រទេស) ក្នុងនោះដែរមានទាំងម្ចាស់ផ្ទះសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា បានកក់កៅអីទៅជុំចុងក្រោយជាផ្លូវការហើយ សម្រាប់វគ្គចែកពូល ៤៨ក្រុម មុនពេល ១៤ក្រុមបន្ថែមទៀត នឹងរកឃើញត្រឹមតែវិច្ឆិកានេះ។
នោះមានន័យថា កៅអី World Cup ជំនាន់ទី២៣ នៅសល់តែ ៦កៅអីទៀតប៉ុណ្ណោះ ដែលតម្រូវចាប់ឆ្នោតលេងជម្រុះជាលក្ខណៈអន្តរទ្វីប Inter Continental ដោយមានក្រុមមកពី ៥តំបន់ផ្សេងគ្នាផងដែរ លើកលែងតែទ្វីបអឺរ៉ុប (UEFA) មួយគត់ ដែលពុំមានកៅអីលេងជម្រុះ៕



