អៀរឡង់ នឹងបោះឆ្នោតសម្រេចរួម តើត្រូវដាក់សំណើជាផ្លូវការទៅ UEFA ស្នើផ្អាកអ៊ីស្រាអែលពីការប្រកួតអឺរ៉ុបជាបន្ទាន់ ឬអត់ (Video inside)
08-11-2025 09:34
(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អៀរឡង់ នឹងធ្វើការបោះឆ្នោតលើសេចក្តីសម្រេចរួមមួយនៅថ្ងៃសៅរ៍នេះ តើត្រូវដាក់សំណើជាផ្លូវការទៅស្ថាប័នគ្រប់គ្រង់បាល់ទាត់អឺរ៉ុប UEFA លើការស្នើសុំឱ្យផ្អាកក្រុមអ៊ីស្រាអែល ពីការប្រកួតតំបន់អឺរ៉ុបជាបន្ទាន់ ឬអត់។ នេះបើយោងតាមនៃសេចក្តីប្រកាសក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំ។
សេចក្តីសម្រេចនេះដែរ នឹងត្រូវបានស្នើឡើង ចំពោះគោលការណ៍គាំទ្រដោយក្លឹបសមាជិកមួយចំនួន បានលើកឡើងអំពីការរំលោភបំពានបទប្បញ្ញត្តិឯករាជ្យរបស់សមាគមបាល់ទាត់អ៊ីស្រាអែល (Israel Football Association) រួមទាំងការរៀបចំក្លឹបនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយគ្មានការយល់ព្រមពីសមាគមបាល់ទាត់ប៉ាឡេស្ទីន (Palestinian Football Association)។
ស្ថិតក្នុងគោលការណ៍ស្នើនេះ ក៏នឹងអំពាវនាវឱ្យ UEFA ធ្វើការវិនិច្ឆ័យដោយមានតម្លាភាពសម្រាប់ការផ្អាក ឬការដកចេញពីសមាគមនៃសមាជិកអឺរ៉ុបផងដែរ។
ជាមួយគ្នានេះប្រភពពី Reuters ក៏បានឱ្យដឹងថា ពេលនេះស្ថាប័ន UEFA បាននឹងកំពុងមានការពិចារណាផងដែរ កាលពីដើមខែមុន តើត្រូវផ្អាកអ៊ីស្រាអែលពីការប្រកួតអឺរ៉ុប ឬអត់ ដែលពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា (GAZA) ហើយករណីនេះមិនបានកើតឡើងនោះទេ បន្ទាប់ពីមានបទឈប់បាញ់ដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា៕



