ដំណឹងលេចធ្លាយ! iPhone Air ជំនាន់ក្រោយត្រៀមបំពាក់ «កាមេរ៉ាភ្លោះ» ៤៨ មេហ្គាភិចស៊ែ ដើម្បីដោះស្រាយការរិះគន់ធំ

08-11-2025 11:18

(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងដោះស្រាយការរិះគន់ធំមួយលើម៉ូដែល iPhone Air បច្ចុប្បន្ន ដោយសារតែពាក្យចចាមអារ៉ាមថ្មីៗបានបង្ហាញថា ម៉ូដែលអ្នកស្នងតំណែងនៅឆ្នាំក្រោយនឹងត្រូវបានបំពាក់ដោយប្រព័ន្ធកាមេរ៉ាភ្លោះ។ យោងតាមប្រភពដ៏គួរឱ្យទុកចិត្តគឺ Digital Chat Station បានបង្ហើបថា Apple នឹងរក្សាការរចនាដ៏ស្តើង និងស្រាលដដែល ក្នុង «ដំណាក់កាលធ្វើបច្ចុប្បន្នភាពធម្មតា» (normal iteration phase)។ ម៉ូដែលថ្មីនេះនឹងបន្តប្រើអេក្រង់ទំហំ ៦.៥ អ៊ីង Super Retina XDR ជាមួយមុខងារ Face ID ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ GSMArena។

ម៉ូដែល iPhone Air បច្ចុប្បន្នត្រូវបានអ្នកប្រើប្រាស់ជាច្រើនរិះគន់យ៉ាងខ្លាំងចំពោះការមានតែកាមេរ៉ាតែមួយគត់នៅផ្នែកខាងក្រោយ។ ក្រុមហ៊ុន Apple បានការពារការសម្រេចចិត្តនេះដោយជឿជាក់ថា កាមេរ៉ាតែមួយនេះគឺស្មើនឹង «កាមេរ៉ាច្រើនក្នុងមួយ» ដោយសារវាអាចផ្តល់មុខងារ 2x telephoto mode (ការពង្រីក ២ដង) តាមរយៈការកាត់រូបភាព (crop)។ ប៉ុន្តែអ្វីដែលមិនអាចធ្វើបាននោះគឺ ការថតរូបបែបទូលាយ (Ultrawide) ដូចទៅនឹងម៉ូដែលដទៃទៀតឡើយ។

ដើម្បីបំពេញតម្រូវការទីផ្សារ ព័ត៌មានលេចធ្លាយថ្មីបានបញ្ជាក់ថា Apple នឹងបន្ថែម លេនថត Ultrawide ទំហំ ៤៨មេហ្គាភិចស៊ែល (MP) មួយទៀត ដែលនឹងចូលរួមជាមួយលេនថតគោលទំហំ ៤៨មេហ្គាភិចស៊ែល (MP) ដូចគ្នា។ ការរៀបចំកាមេរ៉ាភ្លោះនេះនឹងដាក់ក្នុងទម្រង់ ផ្ដេក ផ្ទុយពីការរៀបចំបញ្ឈរដូចដែលយើងឃើញនៅលើ iPhone 17 ធម្មតា។

ទោះជាយ៉ាងណា ការសម្រេចចិត្តដាក់កាមេរ៉ាផ្ដេកនេះនៅតែបន្សល់ទុកនូវសំណួរមួយដែលត្រូវរង់ចាំមើល ថាតើ Air ជំនាន់ទីពីរអាចថត វីដេអូលំហ (Spatial Videos) បានដែរឬទេ? ការថតវីដេអូបែប 3D នេះតម្រូវឱ្យមានការរៀបចំកាមេរ៉ាបញ្ឈរដូចដែល Apple បានអនុវត្តលើម៉ូដែល iPhone មូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវាអាចប្រើបានជាមួយឧបករណ៍ Vision Pro។ ការណ៍នេះធ្វើឱ្យអ្នកគាំទ្របន្តតាមដានថា តើ Apple នឹងប្រើប្រាស់បច្ចេកវិទ្យាអ្វីដើម្បីសម្របសម្រួលលក្ខណៈពិសេសសំខាន់នេះ៕