ជោគជ័យជើងឯកពិភពលោក ឆ្នាំ២០២៥ បង្ហាញពីសក្ដានុពលអត្តពលិកបន្ដវេនរបស់កីឡាវ៉ូវីណាមកម្ពុជា
09-11-2025 07:18
(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ចប់បេសកកម្មប្រកួតជើងឯកពិភពលោក លើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ជាមួយការនាំមកនូវមេដាយសរុបចំនួន ២៣គ្រឿង(មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ៥) និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានប្រតិភូដឹកនាំផ្ទាល់ បានសម្ដែងសេចក្ដីសោមនស្សរីករាយ ចំពោះការចូលរួមប្រកួតជើងឯកពិភពលោកលើកនេះ ពិសេសអត្តពលិកវ័យក្មេង ដែលសហព័ន្ធទើបបានផ្ដល់ឱកាស ពួកគេបានខំប្រឹង និងធ្វើបានយ៉ាងល្អ រហូតអាចដណ្ដើមបានមេដាយមាស និងមេដាយប្រាក់ជាច្រើនទៀតផង ។ នេះបានបង្ហាញពីសក្ដានុពលរបស់ធនធានបន្ដវេនកីឡាវ៉ូវីណាមកម្ពុជា ដែលសហព័ន្ធបានខំប្រឹងបណ្ដុះបណ្ដាលជាច្រើនឆ្នាំកន្លងមក។
លោកថា «ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់សហព័ន្ធ ពិសេសកីឡាករ-កីឡាការិនី និងមានការគាំទ្រពីក្រសួងអប់រំ ឃើញថា ការប្រកួតឆ្នាំនេះ យើងទទួលបានសមិទ្ធផលល្អមែនទែន។ ក្នុងនាមសហព័ន្ធ យើងពិនិត្យឃើញថា អត្តពលិករបស់យើងមួយចំនួន ទោះពួកគាត់វ័យក្មេង តែពួកគាត់ធ្វើបានល្អ និងឈានដល់បានមេដាយមាស ។ យើងបានមេដាយមាស ៧ និងជើងឯករង ឬមេដាយប្រាក់ចំនួន ១១។ អ្វីៗទាំងអស់នេះ ផ្អែកលើការខិតខំប្រឹងប្រែងរបស់ពួកគាត់ ក្រោមការជួយជ្រោមជ្រែងពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរួមចំណែករុញវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន»។
ទន្ទឹមជាមួយការផ្ដល់ឱកាសដល់អត្តពលិកវ័យក្មេង ជំនួសកីឡាករ-កីឡាការិនីរាមច្បងធ្លាប់ឈ្នះមេដាយច្រើន ដែលអវត្តមានក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះ ក៏បានផ្ដល់នូវការភ្ញាក់ផ្អើលដល់ពិភពលោកផងដែរ។ លោក អ៊ូ រតនា ថា «ពិភពលោកមានការភ្ញាក់ផ្អើលថា ហេតុអ្វីលើកនេះ កម្ពុជាអវត្តមានអ្នកធ្លាប់ឈ្នះមេដាយច្រើន តែកម្ពុជានៅតែធ្វើបាន សូម្បីតែនៅក្នុងអង្គប្រជុំ ក៏គាត់បានលើកពីកម្ពុជា រហូតដល់គាត់សរសើរកម្ពុជាថា ជាប្រទេសមួយតូចមែន តែកម្ពុជាធ្វើអ្វីៗបានទាំងអស់ ជាក់ស្ដែងពួកគាត់បានរំឮកអនុស្សាវរីយ៍ កាលស៊ីហ្គេម ឆ្នាំ២០២៣ទៀតផង»។
គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ២៩នាក់ និងប្រកួតលើ ២៦វិញ្ញាសា ក្នុងចំណោមវិញ្ញាសាជិត ៤០ នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ចាប់ពីថ្ងៃទី១-៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប ២៣គ្រឿង(មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) ឈរលេខ៣ ក្នុងចំណោម ២៩ប្រទេស បន្ទាប់ពីវៀតណាម ឈរលេខ១ និងអាល់ស៊េរី ឈរលេខ២ តែលជាការបំបែកំណត់ត្រាមេដាយឆ្នាំចាស់ ដែលកម្ពុជាដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ១១) កាលពីឆ្នាំ២០២៣៕













