កម្ពុជា ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ១ទៀត ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី នៅម៉ាឡេស៊ី

09-11-2025 11:47

(ភ្នំពេញ)៖ កម្ពុជាដណ្ដើមបានមេដាយ ២គ្រឿងទៀតហើយ រួមមានមេដាយមាស ១ និងប្រាក់ ១ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី លើកទី៦(The 6th Petanque Championship) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្រាប់មេដាយមាស ដែលកម្ពុជាទើបដណ្ដើមបាន លើវិញ្ញសានារី ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមប៉េតង់នារីវៀតណាម ដោយលទ្ធផល ១៣-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ រីឯមេដាយប្រាក់ ទទួលបានលើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ បន្ទាប់ពីក្រុមកម្ពុជា ចាញ់ពិន្ទុទាំងប្រផិតប្រផើយ ១២-១៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមថៃ នៅព្រឹកថ្ងៃអាទិត្យនេះ។

សរុបលទ្ធផលពេលនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងប្រាក់ ១ បន្ទាប់ពីកីឡាករ នន់ រ៉ាវីន ដែលដណ្ដើមបានមេដាយមាសដំបូង លើវិញ្ញាសាយុវជនវាយយកពិន្ទុ កាលពីថ្មីៗ។ ការប្រកួតនេះ ប្រព្រឹត្តទៅពីថ្ងៃទី៥-១០ ខែវិច្ឆិកា ដោយមានអត្តពលិក ១៥ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាចូលរួមចំនួន ១២នាក់ផងដែរ៕