ចិន ដាក់ដំណើរការមជ្ឈមណ្ឌលទិន្នន័យដំបូងបង្អស់ក្រោមបាតសមុទ្រ (Video inside)
09-11-2025 15:19
(បរទេស)៖ ប្រទេសចិន បាននិងកំពុង បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការដាក់ឱ្យដំណើរការនូវ មជ្ឈមណ្ឌលទិន្នន័យក្រោមបាតសមុទ្រ (Underwater Data Centers - UDC) ដំបូងគេបង្អស់នៅកម្រិតពាណិជ្ជកម្ម ទាំងនៅខេត្តសៀងហៃ និងកោះហៃណាន។ គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបំប្លែងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយនិរន្តរភាព ដោយផ្សំបញ្ចូលថាមពលកកើតឡើងវិញជាមួយប្រព័ន្ធត្រជាក់ពីធម្មជាតិ។
ម៉ាស៊ីនមេ (Servers) ត្រូវបានដាក់នៅក្នុង កុងតឺន័រ ឬកាណុងដែកបិទជិតធន់នឹងសម្ពាធ ដែលត្រូវបានទម្លាក់ទៅដល់បាតសមុទ្រ។ ទឹកសមុទ្រត្រជាក់ដើរតួជា "កន្លែងស្រូបកម្ដៅ" ធម្មជាតិដ៏ធំសម្បើម ដែលជួយកាត់បន្ថយតម្រូវការប្រព័ន្ធម៉ាស៊ីនត្រជាក់ (HVAC) ដែលស៊ីថាមពលខ្លាំង។
គម្រោងនេះទទួលបានការវិនិយោគប្រមាណ ២២៦ លានដុល្លារអាមេរិក ហើយគ្រោងនឹងមានសមត្ថភាពសរុប ២៤ មេហ្គាវ៉ាត់ (MW)នៅពេលបញ្ចប់។ ជាមួយគ្នានេះ ចិនមានគោលបំណងក្លាយជាមជ្ឈមណ្ឌល UDC ពាណិជ្ជកម្មធំជាងគេបំផុតលើពិភពលោក ដោយមានផែនការតម្លើងកុងតឺន័ររហូតដល់ ១០០ គ្រឿង។
ទោះបីជាមានប្រសិទ្ធភាពខ្ពស់ក៏ដោយ ការផ្លាស់ប្តូរទៅរកហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកក៏បាននាំមកនូវបញ្ហាប្រឈមផ្នែកវិស្វកម្ម និងប្រតិបត្តិការដ៏ស្មុគស្មាញផងដែរ។ នៅពេលដែលឧបករណ៍ណាមួយខូច នៅបាតសមុទ្រ អ្នកបច្ចេកទេសមិនអាចដើរចូលទៅជួសជុលបានឡើយ។ វាទាមទារការប្រើប្រាស់នាវាពិសេស និងទាមទារពេលវេលាយូរដើម្បីស្រង់យកកុងតឺន័រទាំងមូលមកលើគោកវិញ។ មជ្ឈមណ្ឌលក្រោមទឹកអាចប្រឈមនឹង ការវាយប្រហារដោយប្រើរលកសំឡេង ដែលអាចបណ្តាលឱ្យ Hard Drive ញ័រខ្លាំងពេក រហូតបាត់បង់ទិន្នន័យ ឬប្រព័ន្ធដួលរលំទាំងស្រុង។ ទោះបីជាសន្សំសំចៃទឹកស្អាតក៏ដោយ ក៏នៅមានក្តីបារម្ភអំពី ផលប៉ះពាល់កម្ដៅ នៃទឹកក្តៅដែលបញ្ចេញត្រឡប់ទៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រជុំវិញនោះ។
ត្បិតតែការដាក់ដំណើរការមជ្ឈមណ្ឌលទិន្នន័យ នៅក្រោមសមុទ្របានជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងកម្ដៅក្ដី ប៉ុន្តែក៏នៅមានផលវិបាកមួយចំនួននៅពេលដែលវាដំណើរការផងដែរ។ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យក្រោមទឹកដោយជោគជ័យរបស់ចិន គឺជាភស្តុតាងច្បាស់លាស់មួយដែលបង្ហាញថា ដំណោះស្រាយនេះកំពុងផ្លាស់ប្តូរពីដំណាក់កាលសាកល្បង ទៅដំណាក់កាលពាណិជ្ជកម្ម៕








