Meta ព្យាករណ៍​ថា ១០% នៃ​ការ​លក់​ឆ្នាំ ២០២៤ មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ និង​ខុស​ច្បាប់

10-11-2025 07:59

(បរទរស)៖​ យោង​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ Reuters កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ Meta បាន​ព្យាករណ៍​ថា ១០% នៃ​ការ​លក់​សរុប​របស់​ខ្លួន​នៅ​ឆ្នាំ ២០២៤ ឬ​ប្រមាណ ១៦ ពាន់​លាន​ដុល្លារ គឺ​បាន​មក​ពី​ការ​ដំណើរការ​ការ​ផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​សម្រាប់​ការ​បន្លំ (Scam) និង​ទំនិញ​ដែល​ត្រូវ​បាន​ហាម​ឃាត់។

ការ​ផ្សាយ​ពាណិជ្ជកម្ម​ប្រភេទ​នោះ​រួម​មាន​ ការ​ផ្សព្វផ្សាយ​អំពី «ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត និង​គ្រោង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​បោក​ប្រាស់ ភ្នាល់​អនឡាញ​ខុស​ច្បាប់ និង​ការ​លក់​ផលិតផល​ឱសថ​ដែល​ត្រូវ​បាន​ហាម​ឃាត់» នេះ​បើ​តាម​របាយការណ៍​របស់ Reuters ដែល​ផ្អែក​លើ​ឯកសារ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។ ឯកសារ​ទាំងនោះ​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​វាយ​តម្លៃ​ពី​ការ​រីក​រាលដាល​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្លែងក្លាយ​នៅ​លើ​កម្មវិធី​របស់​ខ្លួន​ដូច​ជា Facebook និង Instagram។

Meta ទទួល​បាន​ការ​លក់​សរុប​ជាង ១៦៤.៥ ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០២៤។ សប្ដាហ៍​មុន ក្រុមហ៊ុន​បាន​ប្រកាស​ថា ប្រាក់​ចំណូល​ត្រីមាស​ទី​បី​បាន​កើន​ឡើង ២៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ដល់ ៥១.២៤ ពាន់​លាន​ដុល្លារ ហើយ​បាន​បង្កើន​ចំណាយ​សរុប​សម្រាប់​ឆ្នាំ​នេះ​ចំនួន ២ ពាន់​លាន​ដុល្លារ ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​ដ៏​ធំ​របស់​ខ្លួន​លើ បញ្ញា​សិប្បនិមិត្ត (Artificial Intelligence)។

របាយការណ៍​របស់ Reuters បាន​លើក​ឡើង​ពី​ឯកសារ​ខែធ្នូ ឆ្នាំ ២០២៤ ដែល​បង្ហាញ​ថា Meta ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រហែល ៧ ពាន់​លាន​ដុល្លារ ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា «​មាន​ហានិភ័យ​ខ្ពស់​ជាង» ដែល​ជា​ការ​ផ្សព្វផ្សាយ​ដែល​ច្បាស់​ថា​មាន​លក្ខណៈ​បោក​ប្រាស់ (scam ads)។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃៗ Meta បង្ហាញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាង​នេះ​ប្រហែល ១.៥ ម៉ឺន​លាន ដល់​អ្នក​ប្រើប្រាស់។

ថ្វី​បើ​ឯកសារ​មួយ​ចំនួន​បង្ហាញ​ថា Meta មាន​គោល​បំណង​កាត់​បន្ថយ​ចំនួន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ក្លែងក្លាយ​លើ​វេទិកា​របស់​ខ្លួន​ក៏​ដោយ របាយការណ៍​របស់ Reuters ក៏​បាន​លើក​ឡើង​ថា ឯកសារ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា ក្រុមហ៊ុន​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ព្យាករណ៍​អាជីវកម្ម​របស់​ខ្លួន​អាច​នឹង​ត្រូវ​ប៉ះពាល់​ដោយ​ការ​លុប​ចោល​ការ​ផ្សព្វផ្សាយ​បោក​ប្រាស់​ណា​មួយ​ភ្លាមៗ។

អ្នក​នាំពាក្យ​របស់ Meta បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ដោះស្រាយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បន្លំ និង​ក្លែងក្លាយ​លើ​កម្មវិធី​របស់​ខ្លួន «យ៉ាង​មុតមាំ»។ អ្នក​នាំពាក្យ​បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ថា ការ​ព្យាករណ៍​ដែល​ថា ១០% នៃ​ការ​លក់​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០២៤ គឺ​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​មិន​ពិត «​គឺ​ជា​ការ​ប៉ាន់​ប្រមាណ​ដែល​មិន​មែន​ជា​តួលេខ​ចុង​ក្រោយ​ឬ​ចុង​ក្រោយ​បង្អស់​នោះ​ទេ តាម​ពិត​ការ​ត្រួតពិនិត្យ​ជា​បន្ត​បន្ទាប់​បាន​បង្ហាញ​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ក្នុង​ចំណោម​នោះ​មិន​បាន​បំពាន​ច្បាប់​អ្វី​ឡើយ»

អ្នក​នាំពាក្យ​បាន​បន្ថែម​ថា «ជា​អកុសល ឯកសារ​ដែល​លេច​ធ្លាយ​ទាំង​នោះ​បាន​បង្ហាញ​ទស្សនៈ​ដែល​បាន​ជ្រើសរើស​យ៉ាង​ចង្អៀត ដែល​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​វិធីសាស្ត្រ​របស់ Meta ក្នុង​ការ​ដោះស្រាយ​ការ​បោក​ប្រាស់ និង​ការ​ក្លែងបន្លំ ដោយ​ផ្ដោត​តែ​លើ​កិច្ច​ខិតខំ​របស់​យើង​ក្នុង​ការ​វាយ​តម្លៃ​ទំហំ​នៃ​បញ្ហា​នេះ មិន​មែន​វិសាលភាព​ទាំង​មូល​នៃ​វិធានការ​ដែល​យើង​បាន​ចាត់​យក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឡើយ»