ក្រុមបាល់បោះរទេះនារីកម្ពុជា បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះអ៊ីរ៉ង់ ក្នុងការប្រកួតជើងឯកអាស៊ី-អូសេអានី ឆ្នាំ២០២៥

10-11-2025 09:43

(ភ្នំពេញ)៖ ក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា បានយកឈ្នះក្រុមខ្លាំងអ៊ីរ៉ង់ ដោយលទ្ធផល ៥៨-៤៣ពិន្ទុ ក្នុងជំនួបបើកឆាកព្រឹត្តិការណ៍បាល់បោះរទេះជើងឯក IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥(The 2025 IWBF Asia Oceania Championships) កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ នៅប្រទេសថៃ។

ព្រឹត្តិការណ៍កម្រិតទ្វីប ដែលទីក្រុងបាងកក ធ្វើម្ចាស់ផ្ទះនេះ គឺប្រមូលផ្ដុំដោយក្រុមបាល់បោះរទេះបុរស និងនារីខ្លាំងៗមកពីទូទាំងតំបន់អាស៊ី និងអូសេអានីចូលរួម ដោយក្រៅពីការប្រកួតដណ្ដើមជើងឯក IWBF អាស៊ីអូសេអានី ក៏ជាការប្រកួតជម្រុះដ៏សំខាន់ សម្រាប់ស្វែងរកបេក្ខភាពក្រុមកំពូលៗ ចូលរួមការប្រកួតជើងឯកពិភពលោក IWBF ឆ្នាំ២០២៦ នៅរដ្ឋធានីអូតាវ៉ា ប្រទេសកាណាដា និងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។

សម្រាប់កម្ពុជា បានបញ្ជូនក្រុមបាល់បោះរទេះនារីប៉ុណ្ណោះចូលរួមព្រឹត្តិការណ៍នេះ ដើម្បីប្រជែងកៅអីជាមួយក្រុមខ្លាំងៗផ្សេងទៀត រួមមានអូស្ដ្រាលី ចិន ជប៉ុន ឥណ្ឌា អ៊ីរ៉ង់ ឡាវ ហ្វីលីពីន និងម្ចាស់ផ្ទះថៃ ។ ការប្រកួតនេះ បែងចែកជា ២កម្រិត(Division) ក្នុងនោះ Division A មានក្រុមអូស្ដ្រាលី ចិន និងជប៉ុន ដែលតម្រូវឲ្យប្រកួត ២ជុំ ដើម្បីកំណត់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ។ រីឯកម្ពុជា ស្ថិតក្នុង Division B ជាមួយ ឥណ្ឌា អ៊ីរ៉ង់ ឡាវ ហ្វីលីពីន ថៃ ដែលត្រូវការប្រកួត ១ជុំ ដើម្បីកំណត់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៦ ហើយក្រុមកំពូលតារាង នឹងបានចូលរួមជាមួយបេក្ខភាពក្រុមក្នុង Division A ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតបើកឆាករបស់ក្រុមបាល់បោះនារីកម្ពុជា ទល់នឹងក្រុមអ៊ីរ៉ង់ កាលពីម្សិលមិញ ក្រុមកីឡាការិនីកម្ពុជា បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានបញ្ចប់ពាក្យមិនដែលឈ្នះក្រុមខ្លាំងអ៊ីរ៉ង់ ជាមួយការពុះពារ និងតស៊ូ រហូតទទួលបានជ័យជម្នះក្នុងលទ្ធផល ៥៨-៤៣ពិន្ទុ ។ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញមោទនភាពជាខ្លាំង ចំពោះជ័យជម្នះជាប្រវត្តិសាស្ដ្រនេះ ហើយសង្ឃឹមក្រុមកម្ពុជា នឹងបន្ដធ្វើបានល្អនាការប្រកួតបន្ដបន្ទាប់ទៀត ដើម្បីទទួលបានសិទ្ធចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ឆ្នាំ២០២៦ ខាងមុខ។

សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមបាល់បោះរទេះនារីកម្ពុជា នឹងត្រូវជួបឡាវ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា, ជួបក្រុមម្ចាស់ផ្ទះថៃ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា, ជួបហ្វីលីពីន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា និងចុងក្រោយត្រូវជួបឥណ្ឌា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕