Man City ចាញ់ប្រៀប Arsenal ៤ពិន្ទុ ក្រោយបំបាក់ Liverpool នឹងជាការដឹកនាំប្រកួត ១០០០លើកក្នុងអាជីពលោក Pep

10-11-2025 10:14

(ឡុងដ៏)៖ ក្រុម Manchester City ពេលនេះបានឈានទៅចាញ់ប្រៀបក្រុមកាំភ្លើងធំ Arsenal ត្រឹមតែ ៤ពិន្ទុពីកំពូលតារាងលីគ Premier League គិតត្រឹមសប្តាហ៍ទី១១ រដូវកាលនេះជើងទី១ ក្រោយបំបាក់ក្រុមហង្សក្រហម Liverpool មិនឱ្យតដៃបាន ៣-០ ហើយនោះក៏ជាការដឹកនាំក្រុមលើកទីលានរបស់លោក Pep Guardiola លើកទី១០០០ ក្នុងអាជីពគ្រូបង្វឹកផងដែរ ។

Manchester City ការយកឈ្នះ ៣-០ គឺធ្វើឡើងយ៉ាងស្វិតស្វាញ ដ្បិត Erling Haaland, Nico Gonzalez និង Jeremy Doku រកបានគ្រាប់បាល់ម្នាក់មួយគ្រាប់ ដើម្បីធានាក្រុមឈានទៅឈរលេខ២ មាន ២២ពិន្ទុបណ្តោះអាសន្ន ពីក្រោម Arsenal ដែលមាន ២៦ពិន្ទុក្នុងលីគបាល់ទាត់ដែលមានប្រជាប្រិយភាពមួយនេះ ។ ហើយខ្សែប្រយុទ្ធ Haaland កើនបាន ១៤គ្រាប់នាំមុខគេបណ្តោះអាសន្នផងដែរពី ១១ប្រកួតនេះ ។

ហើយតាមរយៈការបរាជ័យនេះបានធ្វើឱ្យក្រុម Liverpool ធ្លាក់ចុះមកឈរនៅលេខរៀងទី៨ ដោយមាន ១៨ពិន្ទុ ដ្បិតនេះជាជ័យជម្នះរបស់ក្រុម Man City លើកដំបូងរបស់ពួកគេលើក្រុម Liverpool គិតចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ដែលបញ្ចប់ការប៉ះហង្សក្រហម ៤លើកដោយមិនស្គាល់ឈ្នះ ហើយជើងទី២ រដូវកាលនេះនឹងប៉ះគ្នានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ទឹកដី Anfield ៕