ចិនសម្រេចផ្តល់ការលើកលែង៖ អនុញ្ញាតឲ្យនាំចេញបន្ទះឈីប Nexperia សម្រាប់ប្រើប្រាស់ស៊ីវិលវិញ
10-11-2025 10:18
(បរទេស)៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃអាទិត្យថា បានផ្តល់ការលើកលែងជាផ្លូវការលើការត្រួតពិនិត្យការនាំចេញបន្ទះឈីប Nexperia ដែលត្រូវបានប្រើប្រាស់យ៉ាងសំខាន់នៅក្នុងប្រព័ន្ធអគ្គិសនីរបស់រថយន្ត (Automotive Electrical Systems) សម្រាប់តែកម្មវិធីប្រើប្រាស់ស៊ីវិលប៉ុណ្ណោះ។ សកម្មភាពនេះត្រូវបានគេមើលឃើញថាជាការបន្ធូរបន្ថយសម្ពាធយ៉ាងខ្លាំងពីទីក្រុងប៉េកាំងលើឧស្សាហកម្មរថយន្តសកល ដែលធ្លាប់ជួបប្រទះការខ្វះខាតការផ្គត់ផ្គង់យ៉ាងគំហុក បន្ទាប់ពីមានភាពតានតឹងរវាងចិន និងរដ្ឋាភិបាលហូឡង់។ ក្រុមហ៊ុន Nexperia មានមូលដ្ឋាននៅហូឡង់ ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន Wingtech។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ភាពតានតឹងនេះបានកើតឡើងកាលពីថ្ងៃទី ៣០ ខែកញ្ញា នៅពេលដែលរដ្ឋាភិបាលហូឡង់បានសម្រេចកាន់កាប់ក្រុមហ៊ុន Nexperia ដោយលើកឡើងពីក្តីបារម្ភអំពីសន្តិសុខសេដ្ឋកិច្ចអឺរ៉ុប ដោយសារ Wingtech គ្រោងផ្លាស់ប្តូរទីតាំងផលិតកម្មពីអឺរ៉ុបទៅកាន់ប្រទេសចិន។ ជាការឆ្លើយតប ប្រទេសចិនបានប្រើប្រាស់វិធានការតបតវិញ ដោយកាត់ផ្តាច់ការនាំចេញបន្ទះឈីបពាក់កណ្តាលសម្រេចរបស់ក្រុមហ៊ុននេះ ដែលភាគច្រើនត្រូវបានវេចខ្ចប់នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ការប្រកាសបន្ធូរបន្ថយថ្មីនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី ៣០ ខែតុលា ហើយក្រុមហ៊ុននៅអាល្លឺម៉ង់ និងជប៉ុនក៏បានបញ្ជាក់ថា ការដឹកជញ្ជូនបន្ទះឈីបពីចិនបានបន្តឡើងវិញផងដែរ។
ទោះបីជាមានការអនុញ្ញាតឲ្យនាំចេញសម្រាប់ប្រើប្រាស់ស៊ីវិលក៏ដោយ ក៏ទំនាក់ទំនងការទូតរវាងចិន ហូឡង់ និងសហភាពអឺរ៉ុប (EU) ទំនងជានៅតែបន្តតានតឹង ដរាបណាជម្លោះជុំវិញភាពជាម្ចាស់ក្រុមហ៊ុន Nexperia មិនត្រូវបានដោះស្រាយ។ ក្រសួងពាណិជ្ជកម្មចិនបានអះអាងជាថ្មីថា កំពុងការពារខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល និងបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រទេសចិនរំពឹងឲ្យភាគីអឺរ៉ុបអន្តរាគមន៍លើបញ្ហានេះ។
ក្រសួងបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រទេសចិនស្វាគមន៍សហភាពអឺរ៉ុបក្នុងការបន្តប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីជំរុញឱ្យហូឡង់កែតម្រូវសកម្មភាពខុសឆ្គងរបស់ខ្លួនជាបន្ទាន់»។ ក្រៅពីនេះ ក្រសួងក៏បានសង្ឃឹមផងដែរថា សហភាពអឺរ៉ុបនឹង «បង្កើន» កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញភាគីហូឡង់ឱ្យលុបចោលនូវការកាន់កាប់ក្រុមហ៊ុន Nexperia មួយនេះ៕











