Messi ស៊ុតជួយ Miami បង្កើតប្រវត្តិសាស្ត្រក្លឹបមួយ ក្នុងពានរង្វាន់ MLS Cup

10-11-2025 11:52

(អាមេរិក)៖ Lionel Messi បានរួមចំណែកយ៉ាងសំខាន់ជួយក្រុម Inter Miami ឡើងទៅវគ្គ Playoffs ពានរង្វាន់ MLS Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ក្រោយយកឈ្នះក្រុម Nashville SC ៤-០ ដែលការប្រកួតនៅទីក្រុង Fort Lauderdale រដ្ឋ Florida។

ស្ថិតក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ក៏រកបាន ២គ្រាប់នឹងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២គ្រាប់ផងដែរ ក្នុងប្រកួតទី៣ នៃក្រុមស្ថិតក្នុងតំបន់ Eastern Conference ដែលក្រុម Inter Miami យកឈ្នះ ២លើកលើក្រុម Nashville SC ក្រោយភ្លាត់ចាញ់ ២-១ កាលពីប្រកួតទី២ កាលពីថ្ងៃទី០១ ដើមខែវិច្ឆិកានេះ Messi ក៏បាន ១គ្រាប់ផងដែរ ។

ការប្រកួតប្រជែងពាន MLS Cup 2025 ក្នុងក្របខណ្ឌលីគអាមេរិកនេះ សម្រាប់លេងវគ្គ Playoffs បន្តនោះ គឺក្រុម Inter Miami ត្រូវប៉ះក្រុម FC Cincinnati ហើយក្រុម Philadelphia Union ជួបក្រុម New York City ។

ក្រុមស្ថិតក្នុងតំបន់ Western Conference មានការប៉ះគ្នារវាងក្រុម San Diego FC តទល់នឹងក្រុម Minnesota United FC ជាមួយក្រុម Vancouver Whitecaps FC ប៉ះក្រុម Los Angeles FC ខណៈកម្មវិធីប្រកួតនេះ Messi កំពុងនាំមុខគេដោយស៊ុត ៥គ្រាប់បណ្តោះអាសន្ន ពីការលេង ៣ប្រកួត ហើយការលេងវគ្គ Playoffs ៨ក្រុមនេះនឹងចន្លោះថ្ងៃទី២២-២៣ ខែវិច្ឆិកានេះ ៕