ចិនបើកភ្លើងខៀវបណ្តោះអាសន្ន! ផ្អាកការហាមឃាត់នាំចេញលោហធាតុ Gallium និង Germanium ទៅអាមេរិក តែការត្រួតពិនិត្យនៅតែតឹងរ៉ឹង
10-11-2025 14:29
(បរទេស)៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសផ្អាកជាបណ្ដោះអាសន្ននូវការហាមឃាត់ទាំងស្រុងលើការនាំចេញលោហៈធាតុសំខាន់ៗចំនួនបីគឺ Gallium, Germanium និង Antimony ទៅកាន់សហរដ្ឋអាមេរិក។ ការសម្រេចចិត្តបន្ធូរបន្ថយនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោហៈធាតុទាំងបីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យបច្ចេកវិទ្យាអាមេរិក ជាពិសេសសម្រាប់ផលិតផលដូចជា បន្ទះឈីបពាក់កណ្តាលសម្រេច (Semiconductors), ខ្សែអុបទិក និងយោធា។ ការហាមឃាត់ដែលបានដាក់កាលពីខែធ្នូឆ្នាំមុន គឺជាការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះការរឹតបន្តឹងរបស់អាមេរិកលើវិស័យឈីបរបស់ខ្លួន ហើយវាធ្លាប់បានបង្កឱ្យមានភាពខ្វះខាតយ៉ាងខ្លាំងនៅលើទីផ្សារសកល។ ការផ្អាកការហាមឃាត់នេះមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ និងនឹងបន្តរហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦។
ទោះបីជាដំណឹងនេះជាដំណឹងល្អសម្រាប់ទីផ្សារសកលក៏ដោយ ក៏អ្នកនាំចេញមិនទាន់មានសេរីភាពពេញលេញក្នុងការលក់នោះទេ។ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា លក្ខខណ្ឌចាស់ដែលតម្រូវឲ្យលោហៈធាតុទាំងបីនេះស្ថិតនៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញទំនិញទ្វេ-បំណង (Dual-use) មិនត្រូវបានលុបចោលឡើយ។ ដូច្នេះ ក្រុមហ៊ុនចិននៅតែត្រូវស្នើសុំអាជ្ញាប័ណ្ណពីទីក្រុងប៉េកាំងសម្រាប់ការលក់ទៅបរទេសទាំងអស់។ លើសពីនេះ ការហាមឃាត់លើការនាំចេញទំនិញទ្វេ-បំណងទៅកាន់អ្នកប្រើប្រាស់យោធារបស់សហរដ្ឋអាមេរិកក៏នៅតែបន្តសុពលភាពដដែល។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានផ្អាកការត្រួតពិនិត្យតឹងរ៉ឹងលើការនាំចេញប្រភេទក្រាហ្វិចទ្វេ-បំណងមួយចំនួនទៅកាន់អាមេរិកផងដែរ៕










