ប្រធានវ៉ូវីណាម ឧទ្ទិសជោគជ័យពីជើងឯកពិភពលោក ដល់វីរកងទ័ពដែលបានពលីដើម្បីការពារជាតិ

10-11-2025 14:51

(ភ្នំពេញ)៖ ក្រោយជោគជ័យក្នុងការប្រកួតជើងឯកពិភពលោក លើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកកម្ពុជា បានឧទ្ទិសនូវមហាកិត្តិយសនេះ ជូនដល់វីរកងទ័ពដែលបានពលីជីវិត ព្រមទាំងផ្ញើជូនដល់វីរកងទ័ពទាំងអស់ ដែលបានការពារជាតិយ៉ាងអង់អាចក្លាហាន។

យោងតាមបណ្ដាញសង្គមផ្លូវការរបស់ប្រធានសហព័ន្ធខាងលើ បានគូសបញ្ជាក់ថា «ចប់ការប្រកួតជើងឯកវ៉ូវីណាមពិភពលោក លើកទី៨ នៅកោះបាលី កម្ពុជាបានទទួលជោគជ័យធំ គឺមេដាយមាស ៧ ប្រាក់១១ និងសំរិទ្ធ ៥ ព្រមទាំងបានទទួលចំណាត់ថ្នាក់លេខ ៣ លើពិភពលោកផងដែរ។ ទាំងនេះគឺបានមកដោយសារ កម្ពុជាមានសន្តិភាព មានវីរកងទ័ពដ៏អង់អាចក្លាហាន មានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបឋរធិបតី មានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ ក៏ដូចជាការខិតខំហ្វឹកហាត់របស់កីឡាករ-កីឡាការីនី លោកគ្រូ ទាំងអស់។ សូមឧទ្ទិសនូវមហាកិត្តិយសទាំងនេះ ជូនដល់វីរកងទ័ពដែលបានពលីជីវិត និងផ្ញើជូនវីរកងទ័ពទាំងអស់ដែលការពារជាតិយើង»

សូមរំឮកថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីៗ មានអត្តពលិក ២៩ប្រទេសចូលរួម និងប្រកួតលើ ៤៤វិញ្ញាសា។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប ២៣គ្រឿង(មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) ឈរលេខ៣ បន្ទាប់ពីវៀតណាម ឈរលេខ១ និងអាល់ស៊េរី ឈរលេខ២ តែជាការបំបែកកំណត់ត្រាមេដាយឆ្នាំចាស់ ដែលកម្ពុជាដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៩) កាលពីឆ្នាំ២០២៣៕