សាកលវិទ្យាល័យសម្តេច បួរ គ្រី ជោគជ័យលើកិច្ចសហការផ្លាស់ប្តូរនិស្សិតជាមួយសាកលវិទ្យាល័យចំនួន៣ នៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីឲ្យកូនខ្មែរមានឱកាសទៅរៀននៅបរទេស
10-11-2025 15:09
(កូឡាឡាំពួរ)៖ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កាលពីចុងសប្ដាហ៍នេះ បាននិមន្តដឹកនាំគណៈប្រតិភូត្រឡប់មកពីបំពេញបេសកកម្មការងារនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីរយៈពេល ៥ថ្ងៃកន្លងមក ដោយបាននាំមកសមិទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យមួយនៅប្រទេសឥណ្ឌូណេស៊ី និង២សាកលវិទ្យាល័យនៅប្រទេសម៉ាឡេស៊ី ។
សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានដីការថា សម្ដេច និងក្រុមការងារបាននិមន្តពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៃប្រទេសកម្ពុជា ជាមួយនឹង វិទ្យាស្ថាន ITB STIKOM BALI នៃប្រទេសឥណ្ឌូនេស៊ី និងសាកលវិទ្យាល័យ HELP និងសាកលវិទ្យាល័យ UTAR នៅប្រទេសម៉ាឡេស៊ី ។
សម្ដេចថេរដីកាបន្តថា ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព្រមព្រៀង (MOA) កម្មវិធីសិក្សា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រវាងសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងសាកលវិទ្យាល័យ HELP (HELP University of achievements) ប្រទេសម៉ាឡេស៊ី ធ្វើឡើងរវាងលោក Liew Teik Kooi សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ HELP និងសម្តេច វង្ស អានេតា ព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លើកិច្ចសហប្រតិបត្តិការព្រមព្រៀង (MOA) កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំពោះកម្មវិធីសិក្សាភាសាអង់គ្លេស (English Program) និងកសិកកម្ម (Agriculture program)។
សម្តេច វង្ស អានេតា មានសង្ឃដីកាបន្ថែមថា កម្មវិធីចុះអនុស្សរណៈនៃការព្រមព្រមព្រៀងគ្នា (MOA) លើកម្មវិធីសិក្សា២+២ និង១+១ នឹងអនុញ្ញាតឱ្យសមណនិស្សិត-និស្សិត អាចផ្ទេរការសិក្សាទៅសាកលវិទ្យាល័យនៃប្រទេសទាំងពីរបាន ដោយសមណនិស្សិត-និស្សិត នឹងអាចទទួលបានសញ្ញាបត្រចំនួន២ក្រោយបញ្ចប់ការសិក្សា។
បន្ថែមលើសនេះ សម្ដេច វង្ស អានេតា បានអំពាវនាសមណនិស្សិត និស្សិតទាំងអស់ ខំរៀនលើមុខជំនាញរបស់ខ្លួនឲ្យបានខ្លាំងក្លា ប្រឹងរៀនអស់ពីចិត្ត ហើយពង្រឹងលើភាសាបរទេសឲ្យបានស្ទាត់ជំនាញ ទើបអាចមានឱកាសខ្ពស់ទៅបន្តការសិក្សា ឆ្នាំទី៣ នៅបរទេសបាន ព្រោះគេតម្រូវឲ្យនិស្សិតយើងចេះច្បាស់លើភាសាបរទេស ទើបអាចមានសមត្ថភាពយល់ពីគេបង្រៀន ។
សម្ដេចក៏មិនដែលបំភ្លេចគុណូបរការៈដ៏ខ្ពង់ខ្ពស់នោះឡើយចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត នោះទេ ដែលគ្រួសារសម្ដេច និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត រួមនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយទ្រទ្រង់ និងឧបត្ថម្ភសព្វគ្រប់បែបយ៉ាងទាំងអស់ ដើម្បីឲ្យសាកលវិទ្យាល័យអាចចេញជារូបរាងបានយ៉ាងស្អាត រឹងមាំ និងជាថ្នាលបណ្ដុះបណ្ដាលកូនខ្មែរយើងឲ្យក្លាយជាសរសរទ្រូងប្រទេសជាតិប្រកបដោយសមត្ថភាព គុណធម៌ ចរិយាធម៌ ជូនជាតិមាតុភូមិ ថ្នាក់ដឹកនាំប្រទេសជាតិ ដែលបាននិងកំពុងខិតខំដឹកនាំ អភិវឌ្ឈន៍ប្រទេសជាតិឲ្យរុងរឿង រីកចម្រើនទៅមុខជាលំដាប់។
សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រ ដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។
ក្នុងបេសកកម្ម នៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។
បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៍មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យបរទេសណានោះឲ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ និងកំពុងសិក្សាបើកថ្នាក់ជំនាញមួយទៀត គឺជំនាញផ្នែកដឹកជញ្ជូន៕










































