ធនាគារ «វីង» ទទួលពានរង្វាន់ «ប្រតិបត្តិករឆ្នើម» ចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

10-11-2025 15:27

(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា «ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ២០២៤» ពីនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែននៅកម្ពុជា។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្រោមអធិបតីភាពលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងកម្មវិធី «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥»

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា «ប្រអប់បញ្ញើសុវត្ថិភាពរបស់យើង ត្រូវបានរចនាឡើងស្របតាមតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា មិនថាជាការរក្សាទុកទ្រព្យសម្បត្តិគ្រួសារ ឬឯកសារអាជីវកម្មសំខាន់ផ្សេងៗនោះឡើយ។ យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ នូវសេវាធនាគារដែលប្រកបដោយសុវត្ថិភាព និងបរិយាបន្នឱ្យបានកាន់តែប្រសើរឡើង សម្រាប់ប្រជាជនកម្ពុជាទាំងអស់»

ប្រអប់បញ្ញើសុវត្ថិភាពរបស់ធនាគារ វីង ផ្តល់ជូនកន្លែងរក្សាទុកប្រកបដោយសុវត្ថិភាព និងមានការសម្ងាត់សម្រាប់ឯកសារសំខាន់ៗ និងវត្ថុមានតម្លៃផ្សេងៗ ជាមួយនឹងជម្រើសទំហំប្រអប់ ដែលសមរម្យសម្រាប់តម្រូវការផ្សេងៗ មិនថាប្រអប់រក្សាទុកគ្រឿងអលង្ការ ឬក៏ប្រអប់ដែលមានទំហំធំសម្រាប់រក្សាទុកកំណត់ត្រាអាជីវកម្ម ហើយថែមអាចជ្រើសរើសទំហំ ទៅតាមតម្រូវការជាក់ស្តែងបានទៀតផង។

ប្រអប់នីមួយៗត្រូវបានការពារដោយធានារ៉ាប់រង ដែលមានតម្លៃរហូតដល់ទៅ ៥.០០០ដុល្លាអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់ ហើយអនុញ្ញាតឱ្យអតិថិជនជាម្ចាស់កម្មសិទ្ធិ ចូលពិនិត្យជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨៖០០នាទី ព្រឹកដល់ម៉ោង ៤៖០០នាទីល្ងាច។ ការទទួលស្គាល់នេះត្រូវបានធ្វើឡើង ស្របពេលដែលទីផ្សារបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានចុះបញ្ជីជាង ១.៦០០ករណី និងគិតជាទំហំបរធនសរុបចំនួន ២,២៦ ពាន់លានដុល្លារអាមេរិកគិតត្រឹមខែតុលា ឆ្នាំ២០២៥។

វិស័យបរធនបាលកិច្ចរបស់កម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០២១។ ក្នុងឆ្នាំដំបូង បរធនបាលកិច្ចចុះបញ្ជីមាន ១៧ករណី ជាមួយទំហំបរធនត្រឹមតែ ១៥៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ឥឡូវនេះប្រព័ន្ធអេកូឡូស៊ីមួយនេះរួមមាន ក្រុមហ៊ុនបរធនបាលចំនួន ១៦ ធនាគារពាណិជ្ជចំនួន ២៨ កំពុងបម្រើការជាប្រតិបត្តិករសេវាកម្មរក្សាទុក និងធានាសុវត្ថិភាព បរធនបាលរូបវន្តបុគ្គលចំនួន ៧២ ក្រុមហ៊ុនវាយតម្លៃចំនួន ១៧ និងក្រុមហ៊ុនសវនកម្មចំនួន១៥។

ធនាគារ វីង បានចូលរួមនៅក្នុងវិស័យបរធនបាលកិច្ចក្នុងខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាទុក។ ចាប់តាំងពីពេលនោះមក ធនាគារ វីង បានផ្តល់ជូននូវសេវារក្សាទុកជាច្រើនរួមមាន បរធនបាលកិច្ចសាធារណៈ, បរធនបាលកិច្ចហិរញ្ញវត្ថុ, បរធនបាលកិច្ចសង្គម, និងបរធនបាលកិច្ចបុគ្គល។ តាមរយៈការផ្តល់សេវាកម្មបរធនបាលកិច្ច ធនាគារ វីង បានដើរតួជាអ្នកកាន់មូលនិធិអព្យាក្រឹត និងអ្នកសម្របសម្រួលកិច្ចព្រមព្រៀង ដោយធានាបាននូវសុវត្ថិភាពទាំងអ្នកទិញ និងអ្នកលក់។

ការទូទាត់នឹងត្រូវធ្វើឡើង នៅពេលដែលលក្ខខណ្ឌព្រមព្រៀងទាំងអស់ ត្រូវបានបំពេញដែលអាចជួយកាត់បន្ថយហានិភ័យ និងការកសាងទំនុកចិត្តទាំងក្នុងអាជីវកម្ម និងប្រតិបត្តិការផ្ទាល់ខ្លួន។

កាលពីដើមឆ្នាំនេះ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យបរធនបាលកិច្ចឆ្នាំ ២០២៥-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវរយៈពេល ១០ឆ្នាំ សំដៅបង្កើតវិស័យបរធនបាលកិច្ចកម្រិតខ្ពស់ និងស្របតាមលក្ខណៈអន្តរជាតិនៅឆ្នាំ ២០៣៥។ យុទ្ធសាស្ត្រនេះបង្ហាញពីតួនាទី នៃយន្តការបរធនបាលកិច្ចក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈពេលដែលពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូអភិវឌ្ឍន៍ឱ្យបានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខដ៏ត្រចះត្រចង់៕