Apple ប្រកាស​ត្រៀម​ចេញមុខងារ​​ផ្កាយរណប​ថ្មី អាច​ប្រើ​បាន​សូម្បីតែ iPhone នៅ​ក្នុង​ហោប៉ៅ

10-11-2025 16:02

(បរទេស)៖ ក្រុមហ៊ុន​បច្ចេកវិទ្យា Apple ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ធ្វើការ​លើ​គម្រោង​ដ៏​ធំ​មួយ​ដើម្បី​ធ្វើឲ្យ iPhone ជំនាន់​ក្រោយ​កាន់តែ​អស្ចារ្យ​ដោយសារ​មុខងារ​ផ្កាយរណប។ បច្ចុប្បន្ន iPhone អាច​ប្រើ​ផ្កាយរណប​បាន​ត្រឹមតែ​សម្រាប់ ការ​ហៅ​សង្គ្រោះ​បន្ទាន់ (Emergency SOS) ប៉ុណ្ណោះ តែទៅថ្ងៃ​អនាគត Apple ចង់​ឲ្យ​មុខងារ​នេះ​អាច​ប្រើ​បាន​ច្រើន​ទៀត ហើយ​អ្វី​ដែល​ពិសេស គឺ​អ្នក​អាច​ភ្ជាប់​ទៅ​ផ្កាយរណប​បាន​សូម្បីតែ​ពេល​ទូរស័ព្ទ​នៅ​ក្នុង​ហោប៉ៅ ឬ​ក្នុង​ឡាន ដោយ​មិន​ចាំបាច់​លើក​តម្រង់​ទៅ​លើ​មេឃ​ដូច​សព្វថ្ងៃ​ឡើយ។ នេះ​បើយោង​តាម​ការ​ចេញផ្សាយ​ដោយ Apple Insider នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោង​តាម​ការ​ចុះផ្សាយ​របស់​អ្នកជំនាញ​មកពី​សារព័ត៌មាន Bloomberg គឺ​លោក Mark Gurman បាន​បញ្ជាក់​ថា ក្រុមហ៊ុន Apple កំពុង​រៀបចំ​បញ្ចូល​បច្ចេកវិទ្យា​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ការ​តភ្ជាប់​ផ្កាយរណប។ មុខងារ​ថ្មី​ទាំងនោះ​រួមមាន៖
* អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ រូបថត តាមរយៈ​សារ​ផ្កាយរណប (ជំនួស​ការ​ផ្ញើ​បាន​តែ​អក្សរ) ដូច​សព្វថ្ងៃ។
* អាចធ្វើឲ្យ Apple Maps ដំណើរការ​បង្ហាញ​ផែនទី​បាន​យ៉ាង​ពេញលេញ​តាមរយៈ​ការ​តភ្ជាប់​ផ្កាយរណប។
* ​អនុញ្ញាត​ឲ្យ កម្មវិធី​ផ្សេងៗ (Third-Party Apps) អាច​ប្រើប្រាស់​ការ​តភ្ជាប់​ផ្កាយរណប​នេះ​បាន​ផង​ដែរ។

ការ​កែលម្អ​សមត្ថភាព​តភ្ជាប់​ផ្កាយរណប​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ខ្ពស់​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ដាច់​ស្រយាល ព្រោះ​ពួកគេ​អាច​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ ដូចជា​ព័ត៌មាន​អាកាសធាតុ​បាន​ទាន់​ពេល​វេលា។ ដើម្បី​សម្រេច​ផែនការ​មហិច្ឆតា​នេះ ក្រុមហ៊ុន Apple បាន​វិនិយោគ​ទឹកប្រាក់​ដល់​ទៅ ១.១ ពាន់​លាន​ដុល្លារ ក្នុង​ក្រុមហ៊ុន Globalstar ដែល​ជា​ដៃគូ​ផ្កាយរណប​បច្ចុប្បន្ន។ លើស​ពី​នេះ គេ​រំពឹង​ថា iPhone ជំនាន់​ឆ្នាំ ២០២៦ នឹង​មាន​ការ​គាំទ្រ​បច្ចេកវិទ្យា 5G NTN (Non-Terrestrial Networks) កាន់តែ​ទូលំទូលាយ ដែល​អនុញ្ញាត​ឲ្យ​ប៉ម​ទូរស័ព្ទ​អាច​ប្រើប្រាស់​ផ្កាយរណប​សម្រាប់​បង្កើន​ការ​គ្របដណ្ដប់​សេវាថែមទៀតផង។

សរុប​មក Apple ចង់​បង្វែរ​បច្ចេកវិទ្យា​តភ្ជាប់​ផ្កាយរណប​នេះ​ពី​គ្រាន់តែ​ជា​ឧបករណ៍​សម្រាប់​គ្រោះថ្នាក់​បន្ទាន់​ឲ្យ​ក្លាយជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ជា​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់រូប​នៅ​ទូទាំង​ពិភពលោក៕