ក្រសួងវប្បធម៌ និងណាហ្គាវើលដ៍ នឹងរៀបចំពិព័រណ៍ «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ចាប់ពីថ្ងៃទី១០-២៨ ខែវិច្ឆិកា
10-11-2025 17:24
(ភ្នំពេញ)៖ នៅក្នុងខែវិច្ឆិកានេះ ណាហ្គាវើលដ៍ ដែលជាក្រុមហ៊ុនគាំទ្រយូរអង្វែងដល់សិល្បៈខ្មែរ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ «សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ៖ បេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋ» ឬហៅថា «ពិព័រណ៍ស្រមោលស្បែកធំ» ដើម្បីចូលរួមអបអរដល់កេរដំណែល១០០០ឆ្នាំ នៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
ដើម្បីអបអរដល់ការទទួលស្គាល់ជាអន្តរជាតិ អស់រយៈពេល២ទសវត្សរ៍ គំនិតផ្តួចផ្តើមតាំងពិព័រណ៍ដំបូងបំផុត សម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីនេះ នឹងមានការតាំង បង្ហាញស្បែកធំ អមជាមួយការសម្តែងផ្ទាល់ នៃវង់ភ្លេងពិណពាទ្យំ សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ បច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) និងការផ្តល់ជូនជាច្រើនទៀត។
ចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកានេះ សាធារណជនអាចឈ្វេងយល់ពីប្រវត្តិ នៃល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ហើយពួកគេក៏អាចចូលរួមសកម្មភាព ពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ការតាំងពិព័រណ៍នេះ នឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ដោយមានការសម្តែងពិសេស ផ្តល់ជូនដោយសមាគមសិល្បៈសុវណ្ណភូមិ សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព។
ស្បែកធំ គឺជាសក្ខីកម្មនៃកម្លាំង និងប្រវត្តិសាស្ត្រនៃវប្បធម៌របស់ខ្មែរ។ មានប្រវត្តិជាង ១០០០ឆ្នាំ ទម្រង់សិល្បៈដ៏មានតម្លៃនេះ ត្រូវបានគេជឿថា បានចាប់កំណើតមុនសម័យអង្គរមកម៉្លេះ។ ស្បែកធំត្រូវបានយកទៅសម្តែង ជារឿងរាមកេរ្តិ៍របស់ខ្មែរ ដែលប្រែសម្រួលចេញពីរឿងរាមាយាណៈរបស់ឥណ្ឌា តាមរយៈស្រមោលដែលចាំងពីផ្ទាំងរូបឆ្លាក់ពីស្បែក អមជាមួយចលនា និងការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។ ស្បែកធំសឹងតែផុតរលត់ក្នុងអំឡុងរបបខ្មែរក្រហម ដែលសេរីភាពវប្បធម៌ត្រូវបានបិទខ្ទប់នាពេលនោះ។
ប៉ុន្មានឆ្នាំក្រោយមកគ្រូ និងអ្នកដែលស្រឡាញ់ទម្រង់សិល្បៈនេះ ដែលនៅរស់រានមានជីវិត បានធ្វើការឥតរួញរាក្នុងការបង្ហាត់ ឆ្លាក់ស្បែក និងសម្តែង។ មានក្រុមការងារមួយ ដែលបន្តដើរតួនាទីយ៉ាងសំខាន់មកដល់សព្វថ្ងៃនេះ គឺសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយស្ថាបនិក ម៉ាន់ កុសល។
ថ្វីត្បិតសមាគមនេះ ទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដោយរោងល្ខោនរបស់ខ្លួន ត្រូវបានបិទជាអចិន្ត្រៃយ៍ក៏ដោយ ណាហ្គាវើលដ៍ ក៏នៅតែអាចជួយឱ្យសមាគមនេះ រស់រានឡើងវិញ និងលើកកម្ពស់ទម្រង់សិល្បៈនេះ តាមរយៈការផ្តល់ការសម្តែង និងរោងជាងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយដដែល។
ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ណាហ្គាវើលដ៍ នឹងរៀបចំសិក្ខាសាលា និងរោងជាងដែលសាធារណជនអាចរៀនពីបច្ចេកទេសឆ្លាក់ស្បែករៀងរាល់សប្តាហ៍ និងអាចយកស្បែកនោះ ទៅគេហដ្ឋានទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។
នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមក៏អាចជួលឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជាវផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ ប្រាក់ដែលបានពីការ ជួលសម្លៀកបំពាក់ ការចូលសិក្ខាសាលា និងរោងជាង នឹងត្រូវយកទៅឧបត្ថម្ភដល់សមាគមសិល្បៈសុវណ្ណភូមិ ដើម្បីធានាថា សមាគមអាចបន្តថែរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។
ផ្សារភ្ជាប់កេរដំណែលវប្បធម៌ជាមួយនវានុវត្តន៍ ពិព័រណ៍នេះក៏សូមណែនាំបទពិសោធន៍ថ្មីមួយផងដែរ គឺបច្ចេកទេសកាមេរ៉ាឌីជីថល (AR filter) ដែលសាធារណជនអាចថតរូប ជាមួយក្រាហ្វិករូបភាពនៃស្បែកធំដ៏ស្រស់ស្អាត។
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា សមាគមសិល្បៈសុវណ្ណភូមិ នឹងផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំ អមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់ ដើម្បីឧទ្ទិសដល់ព្រឹទ្ធាចារ្យ ដែលបានថែរក្សាល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ឱ្យមានជីវិតសម្រាប់ក្មេងៗជំនាន់ក្រោយ និងសាធារណជនទស្សនាកម្សាន្ត។
ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំដ៏អស្ចារ្យនេះ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី២៨ ខែវិច្ឆិកា វេលាម៉ោង ៥ ល្ងាចឱ្យបានគ្រប់ៗគ្នា។ សំបុត្រឥតគិតថ្លៃ នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកានេះ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។ សូមអញ្ជើញចូលរួម សាទរ និងអភិរក្សបេតិកភណ្ឌដ៏មានតម្លៃរបស់ខ្មែរជាមួយគ្នា៕








