ប្រធានាធិបតីម៉ិកស៊ិក Sheinbaum នឹងផ្តល់សំបុត្រ World Cup ដល់ក្មេងស្រីម្នាក់

11-11-2025 09:11

(ម៉ិកស៊ិក)៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកស្រីនឹងផ្តល់សំបុត្រថ្ងៃបើកឆាកការប្រកួតព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2026 នៅទីក្រុងម៉ិកស៊ិក ដោយនឹងជ្រើសរើសផ្តល់កៅអីពិសេសដល់អ្នកគាំទ្រនារីវ័យក្មេងម្នាក់ ដែលមិនអាចមានលទ្ធភាពចូលរួមបាន។

លោកស្រី Sheinbaum បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំនឹងផ្តល់សំបុត្ររបស់ខ្ញុំ សម្រាប់ពិធីបើកឆាកការប្រកួតទៅក្មេងស្រី ឬនារីវ័យក្មេងម្នាក់ណាមួយ ដែលមិនមានឱកាសចូលរួម និងជាអ្នកស្រឡាញ់បាល់ទាត់»

សូមរំលឹកផងថា លោកស្រី Sheinbaum ធ្លាប់បានប្រាប់នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធាន FIFA លោក Gianni Infantino មកកាន់ប្រទេសម៉ិកស៊ិកកាលពីខែសីហាថា លោកស្រីនឹងមិនប្រើប្រាស់សំបុត្រនេះទេ។ ខណៈដែលសំបុត្រដែលស្ថិតក្នុងលំដាប់លេខរៀងទី ០០០០១ សម្រាប់ការប្រកួតនៅថ្ងៃទី១១ ខែមិថុនានោះ នឹងចាប់ផ្តើមការប្រកួតដែលរៀបចំរួមគ្នាដោយប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក។

លោកស្រីបានបន្ថែមទៀតថា «យើងកំពុងសម្រេចចិត្តថា តើយើងនឹងជ្រើសរើសដោយរបៀបណា ប៉ុន្តែខ្ញុំនឹងផ្តល់សំបុត្រលេខ ០០០០១ ទៅដល់ក្មេងស្រីម្នាក់ ដើម្បីឱ្យនាងអាចមានក្តីស្រមៃអំពីព្រឹត្តិការណ៍បាល់ទាត់បាន»

សូមជម្រាបផងថា ទីក្រុងម៉ិកស៊ិក ធ្លាប់បានធ្វើជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ១៩៧០ នឹងឆ្នាំ១៩៨៦ ជាមួយគ្នានោះពហុកីឡដ្ឋាន Azteca នឹងក្លាយជាទីកន្លែងដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានរៀបចំការប្រកួតបើកឆាក FIFA World Cup ចំនួន ៣លើក ខណៈឆ្នាំ២០២៦ នឹងរៀបចំរវាងសហម្ចាស់ផ្ទះរួមគ្នាជាមួយអាមេរិក នឹងកាណាដា ៕