ទួរគីចាប់ខ្លួនមនុស្ស ៨នាក់ ខណៈចំនួន ១០២៤នាក់ មានកីឡាករ Galatasaray, Besiktas ក្នុងការស៊ើបអង្កេតករណីល្បែងស៊ីសង
11-11-2025 10:01
(ទួរគី)៖ អាជ្ញាធរទួរគី បានចាប់ខ្លួនមនុស្ស ៨នាក់ជាផ្លូវការ រួមទាំងប្រធានក្លឹបកំពូលមួយរូបផងដែរ ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីបទការភ្នាល់លើការប្រកួតបាល់ទាត់ ខណៈដែលសហព័ន្ធបាល់ទាត់ (TFF) បានសម្រេចព្យួរកីឡាករចំនួន ១,០២៥នាក់ ដោយរង់ចាំការស៊ើបអង្កេតផ្នែកវិន័យ។ នេះបើតាមអាជ្ញាធរទួរគីបានឱ្យដឹងកាលពីថ្ងៃចន្ទ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
វិធានការទាំងនេះបានកើតឡើងបន្ទាប់ពីសហព័ន្ធ (TFF) កាលពីដើមខែវិច្ឆិកានេះ បានព្យួរអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាលចំនួន ១៤៩នាក់ ពីការជាប់ពាក់ព៏ន្ធលើការស៊ើបអង្កេត ដោយបានរកឃើញថាមន្ត្រីទាំងនោះ ដែលធ្វើការនៅក្នុងលីគអាជីពរបស់ប្រទេសមានលេងភ្នាល់លើការប្រកួតបាល់ទាត់ ។
បញ្ហានេះទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសទួរគី បានឱ្យដឹងថា តុលាការបានសម្រេចចាប់ខ្លួនប្រធានក្លឹប Eyupspor លោក Murat Ozkaya និងអ្នកផ្សេងទៀតចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេត។ ខណៈក្លឹប Eyupspor មិនទាន់អាចទាក់ទងបាននោះទេ ដើម្បីធ្វើអត្ថាធិប្បាយក្នុងករណីនេះទេ។
ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ពីសហព័ន្ធបាល់ទាត់ទួរគី (TFF) បានបង្ហាញថា បានបញ្ជូនកីឡាករចំនួន ១,០២៤នាក់មកពីគ្រប់លីគទាំងអស់ទៅកាន់ក្រុមប្រឹក្សាវិន័យបាល់ទាត់អាជីព (PFDK) ដែលជាផ្នែកមួយនៃការស៊ើបអង្កេត រួមទាំងកីឡាករចំនួន ២៧នាក់មកពីលីគកំពូល Super Lig ដែលអ្នកទាំងអស់នោះត្រូវបានពិន័យទៅតាមច្បាប់ ។
ខណៈនៅក្នុងចំណោមកីឡាករទាំង ២៧នាក់នោះ គឺមានកីឡាករមកពីក្រុម Galatasaray និងគូប្រជែង Besiktas នៅទីក្រុងអ៊ីស្តង់ប៊ុលផងដែរ ៕



