ខ្សែប្រយុទ្ធ Man United តម្លៃជាង ៧៣លានផោនរូបនេះ នឹងខកជួយជម្រើសជាតិលេង World Cup

11-11-2025 10:48

(ឡុងដ៏)៖ ខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប Manchester United នឹងខកខានការប្រកួតជម្រុះ FIFA World Cup តំបន់អឺរ៉ុបដ៏សំខាន់របស់ក្រុមស្លូវេនី ដោយបញ្ហារបួស ក៏ប៉ុន្តែមន្ត្រីក្លឹបបានឱ្យដឹងថា គាត់មិនបានជួបប្រទះបញ្ហាធំដុំណាមួយ បន្ទាប់ពីការលេងស្មើ ២-២ ជាមួយក្រុម Tottenham កាលពីថ្ងៃសៅរ៍នោះទេ ។

ក្រុមបិសាចក្រហម Man United ក៏បានសម្រេចអនុញ្ញាតឱ្យខ្សែការពារ Lisandro Martinez ទៅចូលរួមជាមួយក្រុមការពារជើងឯក World Cup 2022 អាហ្សង់ទីន មុនពេលការប្រកួតមិត្តភាពជាមួយអង់ហ្គោឡា ប៉ុន្តែកីឡាករវ័យ ២៧ឆ្នាំរូបនេះនឹងមិនបានបង្ហាញខ្លួនក្នុងការប្រកួតនោះទេ។

សូមជម្រាបផងថា ខ្សែប្រយុទ្ធតម្លៃជាង ៧៣លានផោន Sesko ក្នុងជំនួបលីគអង់គ្លេសទល់ Spurs រូបគេបានលេងត្រឹមតែ ៣០នាទីប៉ុណ្ណោះ មុនពេលដើរចេញពីការប្រកួតបន្ទាប់ពីជួបបញ្ហារងរបួសជង្គង់នៅពេលដែលប៉ះទង្គិចជាមួយ Micky van de Ven ក្នុងការដណ្តើមបាល់គ្នានោះ ។

ជាមួយគ្នានោះ គ្រូបង្វឹកលោក Ruben Amorim បាននិយាយថា «ដោយសារតែវាជាបញ្ហាជង្គង់ Sesko នឹងត្រូវការពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្លាំង ក៏ព្រោះវាអាចប៉ះពាល់ដល់ផែនការផ្ទេររបស់កីឡាករនៅខែមករា»

គួរដឹងផងថា តាមបញ្ហាជង្គង់ Sesko អាចនឹងខកខានការប្រកួតដ៏សំខាន់របស់ជម្រើសជាតិស្លូវេនី ទល់នឹងក្រុមកូសូវ៉ូ និងស៊ុយអែត ដែលពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសធានាកៅអីទៅលេងវគ្គ Play-off នៅកម្មវិធី FIFA World Cup 2026 ៕