មេធំ Intel ចេញមុខមើលការខុសត្រូវផ្ទាល់លើការអភិវឌ្ឍ AI ក្រោយប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនចាកចេញទៅ OpenAI
11-11-2025 11:06
(បរទេស)៖ ក្រុមហ៊ុន Intel បានប្រកាសថា នាយកប្រតិបត្តិ (CEO) របស់ខ្លួន លោក Lip-Bu Tan នឹងធ្វើការត្រួតពិនិត្យផ្ទាល់លើក្រុមការងារ AI និងបច្ចេកវិទ្យាកម្រឹតខ្ពស់ (Advanced Technologies Group) បន្ទាប់ពីប្រធានផ្នែកបច្ចេកវិទ្យា និង AI របស់ក្រុមហ៊ុន លោក Sachin Katti ចាកចេញពីតំណែង ដើម្បីទៅចូលរួមជាមួយ OpenAI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។
លោក Katti បានប្រកាសតាមបណ្តាញសង្គមថា នឹងទៅចូលរួមជាមួយ OpenAI ដើម្បីជួយរចនានិងស្ថាបនាប្រព័ន្ធគណនាកុំព្យូទ័រដែលគាំទ្រការអភិវឌ្ឍបញ្ញាសិប្បនិម្មិតទូទៅ (AGI)។ Intel បានបញ្ជាក់ថា «AI» នៅតែជាបេសកកម្មយុទ្ធសាស្ត្រសំខាន់បំផុតមួយរបស់ក្រុមហ៊ុន ហើយការផ្លាស់ប្តូរទំនួលខុសត្រូវនេះ គឺជាផ្នែកមួយនៃការរឹតបន្តឹងការអនុវត្តផែនការផលិតផល ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រភេទ AI កាន់តែច្រើន។ ការចេញពីតំណែងរបស់នាយកផ្នែក AI ទៅ OpenAI បង្ហាញថា Intel កំពុងប្រឈមនឹងបញ្ហាការរក្សាបុគ្គលិកជំនាញ នៅពេលសំខាន់បំផុតសម្រាប់យុទ្ធសាស្ត្រ AI របស់ខ្លួន។
សារព័ត៌មាន Financial Times បានរាយការណ៍ថា លោក Katti មានតួនាទីនេះត្រឹមតែ ៦ ខែប៉ុណ្ណោះ មុននឹងចេញទៅ OpenAI។ ការដែល CEO ទទួលតួនាទីនេះផ្ទាល់ បង្ហាញថា Intel ចង់បង្ហាញភាពស្មោះត្រង់ និងបង្កើនល្បឿនសម្រេចចិត្តក្នុងការអភិវឌ្ឍ AI។ តែយ៉ាងណា សំណួរធំបំផុតគឺ តើ Intel នឹងតែងតាំងនរណាបន្ត ជាអ្នកដឹកនាំ AI ថ្មី ឬរក្សាប្រព័ន្ធគ្រប់គ្រងបែបថ្មីមួយ?
គួរជម្រាបថា លោក Lip-Bu Tan ទើបតែចូលកាន់តំណែង CEO នៅខែមីនា ឆ្នាំ ២០២៥។ នៅខែមេសា Intel បានធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំ ដោយតែងតាំងលោក Katti ជាមេដឹកនាំផ្នែក AI ក្នុងគោលបំណងធ្វើឲ្យក្រុមហ៊ុនមានភាពងាយស្រួលនិងផ្អែកលើវិស្វកម្មច្រើនជាងមុន។ Intel កំពុងប្រឈមនឹងការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុន Nvidia និង AMD ក្នុងការផលិតឧបករណ៍បង្កើនល្បឿនសម្រាប់ការគណនាបែប AI (AI accelerators)៕








