Apple បោះបង់​គម្រោង​ចេញ​លក់ iPhone Air ជំនាន់​ថ្មី​ឆ្នាំ ២០២៦ ក្រោយ​ការ​លក់​ធ្លាក់​ចុះ​ខ្លាំង!

11-11-2025 11:14

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស Apple ត្រូវបាន​គេរាយការណ៍ថា បាន​សម្រេចចិត្ត ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ផែនការ​ចេញ​លក់ iPhone Air ជំនាន់​ក្រោយ ដែល​គ្រោងទុក​សម្រាប់​រដូវស្លឹកឈើជ្រុះ​ឆ្នាំ ២០២៦។ ការសម្រេចចិត្ត​ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺបណ្ដាល​មកពី ការលក់​ម៉ូដែល​បច្ចុប្បន្ន​មាន​សភាព​ខ្សោយ ជាង​ការ​រំពឹងទុក​កាលពី​ដំបូង។ នេះបើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Information ដែល​ដកស្រង់​សម្ដី​ប្រភព​ជិតស្និទ្ធ និង​ត្រូវបាន​ចុះផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

iPhone Air ដែល​បាន​បង្ហាញខ្លួន​នៅ​ឆ្នាំ ២០២៥ ត្រូវបាន​បង្កើត​ឡើង​ជា​ម៉ូដែល​ផ្តោត​លើ​ការ​រចនា ស្ដើង​ខ្លាំង និង​ស្រាល​ជាង នៅក្នុង​ជួរ​ផលិតផល iPhone លំដាប់ខ្ពស់។ ទោះជា​យ៉ាងណាក៏ដោយ ការរចនា​បែប​ស្លីម​នេះ បាន​នាំឲ្យ​មាន​ការ​លះបង់​ទៅលើ ទំហំ​ថាមពល​ថ្ម និង​មុខងារ​កាមេរ៉ា មួយចំនួន។ ជាក់ស្ដែង អ្នកវិភាគ​បាន​អះអាង​យ៉ាងច្បាស់​ថា៖ «តម្រូវការ​សម្រាប់ iPhone Air បាន​ចុះខ្សោយ​ជាង​ការ​រំពឹងទុក​ដំបូង»

គួរ​បញ្ជាក់​ផងដែរ​ថា ម៉ូដែល iPhone Air នេះ​កំពុង​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ចិន​ដោយ​គ្មាន​រន្ធ​ដាក់ SIM កាត ធម្មតា​ទៀតទេ ពោលគឺ​វា​គាំទ្រ​ទាំងស្រុង​តែ​បច្ចេកវិទ្យា eSIM ប៉ុណ្ណោះ បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ផ្លូវការ​កាលពី​ខែតុលា។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple មិនទាន់បាន​ចេញមុខ​ធ្វើការ​អត្ថាធិប្បាយ​ជា​ផ្លូវការ​ណាមួយ​ជុំវិញ​សេចក្តីរាយការណ៍​នេះ​នៅឡើយ​ទេ ហើយ​ទីភ្នាក់ងារ Reuters ក៏​មិនទាន់​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​ដោយ​ឯករាជ្យ​បាន​ដែរ៕