OpenAI ខាតប្រាក់ ១២ពាន់លានដុល្លារលើផលិតផលថ្មី «Sora» តែនៅបន្តក្រាញននាលមិនចុះចាញ់

11-11-2025 12:12

(បរទេស)៖ ក្រុមហ៊ុន OpenAI បានរាយការណ៍ថា ខាតបង់ប្រាក់ប្រហែល ១២ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ ប៉ុន្តែបច្ចុប្បន្នកំពុងបន្តចំណាយរាប់ពាន់លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍផលិតផលថ្មីរបស់ខ្លួនគឺ កម្មវិធីវីដេអូ AI ឈ្មោះ «Sora»

កម្មវិធីនេះ កំពុងប្រើប្រាស់ថវិកាដល់ទៅប្រហែល ១៥លានដុល្លារក្នុងមួយថ្ងៃ ដើម្បីបង្កើតវីដេអូរយៈពេលត្រឹមតែ ១០វិនាទី បន្ទាប់ពីមានអ្នកប្រើប្រាស់រាប់លាននាក់ផ្ញើវីដេអូមេម (memes), ពាណិជ្ជកម្មក្លែងក្លាយ និងវីដេអូបញ្ចូលតារាចម្រៀង ឬតារាមានឈ្មោះដ៏ចម្លែកៗចូលគ្នា។ បច្ចុប្បន្ន Sora មានអ្នកប្រើប្រាស់ជាង ៤លាននាក់ ហើយវីដេអូ ១០វិនាទីមួយ ត្រូវចំណាយថ្លៃប្រហែល ១.៣០ដុល្លារ ដើម្បីបង្កើត ប៉ុន្តែ OpenAI គិតថ្លៃត្រឹមតែ ១ដុល្លារក្នុងមួយវីដេអូប៉ុណ្ណោះ នោះមានន័យថា វីដេអូទាំងអស់ត្រូវបានបង្កើតដោយការខាតបង់ប្រាក់។ តម្លៃប្រតិបត្តិការ (compute cost) សរុបអាចឈានដល់ ជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្រុមហ៊ុនទទួលសារភាពថា ស្ថានភាពហិរញ្ញវត្ថុបែបនេះជា «អ្វីដែលមិនអាចបន្តបានជាយូរទេ»។ នេះជាយុទ្ធសាស្ត្រដ៏សាមញ្ញមួយនៃ Silicon Valley ដែលមានន័យថា «ខាតបង់ប្រាក់ពីដំបូង ដើម្បីគ្រប់គ្រងទីផ្សារ និងរកលុយបាននៅពេលក្រោយ»។ យុទ្ធសាស្ត្រនេះ មិនមែនជារឿងចម្លែកនិងថ្មីនោះឡើយ ពោលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនបានធ្វើដូចជា Uber, Amazon, និង Facebook ជាដើម។ និយាយឲ្យងាយយល់ គឺយុទ្ធសាស្ត្រ Silicon Valley ស្មើនឹង ខាតលុយឥឡូវនេះ គ្រប់គ្រងពេលក្រោយ។ ចំណាយច្រើន រីកចម្រើនលឿន ប្រមូលអ្នកប្រើប្រាស់ និងទិន្នន័យ ក្លាយជាអ្នកគ្រប់គ្រង បន្ទាប់មករកលុយ។

OpenAI បញ្ជាក់ថា ការផ្តល់សេវាឥតគិតថ្លៃនឹងមិនបន្តរហូតទេ ប៉ុន្តែរាល់វីដេអូដែលបង្កើតដោយអ្នកប្រើប្រាស់នឹងជួយបណ្តុះបណ្តាលម៉ូដែលជំនាន់ក្រោយរបស់ខ្លួន៕