អត្តពលិកវាយកូនបាល់ ២១ប្រទេស ចូលរួមប្រកួតពានរង្វាន់ ទេព ឃុនណា លើកទី៣០ នៅកម្ពុជា
11-11-2025 13:35
(ភ្នំពេញ)៖ អត្តពិលកីឡាវាយកូនបាល់មកពី ២១ប្រទេស បានជួបជុំគ្នានៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរកតកតេជោ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់វាយកូនបាល់ ទេព ឃុនណា លើកទី៣០ (30th Annual Tep Kunnah Memorial Cup) ឆ្នាំ២០២៥។
កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួលរៀបចំព្រឹត្តិការណ៍កម្រិតអន្ដរជាតិនេះ បានឲ្យដឹងថា កីឡាករ-កីឡាការិនី ដែលមកចូលរួមការប្រកួតខាងលើ ក្រៅពីម្ចាស់ផ្ទះកម្ពុជា គឺមានម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម។
កញ្ញាបន្ដថា ការប្រកួតនេះ បែងចែកជា ២សប្ដាហ៍ ដោយសប្តាហ៍ទី១ ប្រកួតពីថ្ងៃទី១០-១៥ ខែវិច្ឆិកា និងសប្តាហ៍ទី២ ប្រកួតពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ចំពោះកីឡាករ-កីឡារិនីចូលរួម សុទ្ធតែមានកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ក្នុងនោះក៏មានកីឡាករវ័យក្មេងកម្ពុជា ៣រូបផងដែរ ដែលត្រូវប្រកួតប្រជែងជាមួយអត្តពលិកអន្ដរជាតិ ដើម្បីវាស់ស្ទង់ និងអភិវឌ្ឍន៍សមត្ថភាពពួកគេកាន់តែរីកចម្រើន។
អ្នកសម្របសម្រួលដដែលបន្ដទៀតថា ដើម្បីធានាការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានត្រៀមខ្លួនជាច្រើនខែមកហើយ ជាមួយការរៀបចំគ្រប់ជ្រុងជ្រោយ ទាំងការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងធ្វើការដំណើរជាដើម រហូតទទួលបានការកោតសរសើរពីសំណាក់ប្រតិភូ និងអត្តពលិកចូលរួមទៀតផង ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ម្ចាស់ផ្ទះកម្ពុជា។
ទន្ទឹមជាមួយគ្នា លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធ បានបន្ថែមថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាពជាង ២០ឆ្នាំកន្លងទៅ។ តាមរយៈការប្រកួតនេះ លោកក៏រំពឹងក្លាយជាការជំរុញ និងអភិវឌ្ឍន៍វិស័យកីឡាវាយកូនបាល់កម្ពុជាកាន់តែរីកចម្រើនផងដែរ៕












