Sony ឡើងកូដ! ប្រាក់ចំណេញកើនជាង ៩.៥ពាន់លានដុល្លារ ដោយសារ Anime និងរឿងពន្ធថយចុះ

11-11-2025 15:36

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តយក្ស Sony បានប្រកាសពីការព្យាករណ៍ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធរហូតដល់ឆ្នាំ ២០២៦ ថានឹងកើនឡើង ៨% ដល់ ១.៤៣ ទ្រីលានយ៉េន (ប្រហែល ៩.៥ ពាន់លានដុល្លារ)។ ការកើនឡើងនេះកើតចេញពីកត្តាពីរយ៉ាង៖ កម្លាំងអាជីវកម្មកម្សាន្ត និងអាជីវកម្មបន្ទះឈីប ខណៈដែលផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិកមានកម្រិតទាបជាងការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងត្រីមាសចុងក្រោយ (ពីខែកក្កដា-កញ្ញា) ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនបានកើនឡើង ១០%។ ការរីកចម្រើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយអង្គភាពតន្ត្រីរបស់ Sony ជាពិសេសគឺភាពជោគជ័យដ៏ធំធេងនៃភាពយន្តគំនូរជីវចលជប៉ុន (Anime) ដូចជា «Demon Slayer: Kimetsu no Yaiba Infinity Castle»។ ស្របពេលជាមួយគ្នានេះដែរ អាជីវកម្មផលិតបន្ទះឈីបសម្រាប់ស្មាតហ្វូនក៏ទទួលបានការលក់កើនឡើងផងដែរ។

គួរជម្រាបថា ទោះបីជាការលក់សរុបមានការកើនឡើងក៏ដោយ ផ្នែកហ្គេមរបស់ Sony បានរងការធ្លាក់ចុះប្រាក់ចំណេញបន្តិចក្នុងត្រីមាសទី២ ដោយសារតែការកត់ត្រាការខាតបង់ដែលទាក់ទងនឹងហ្គេម «Destiny 2»។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានលក់ម៉ាស៊ីន PlayStation 5 បាន ៣.៩ លានគ្រឿង និងរំពឹងថានឹងមានការជំរុញយ៉ាងខ្លាំងទៅលើអាជីវកម្មហ្គេមរបស់ខ្លួន នៅពេលដែលហ្គេមដែលទន្ទឹងរង់ចាំបំផុតគឺ «Grand Theft Auto VI» ចេញលក់នៅខែវិច្ឆិកា ឆ្នាំក្រោយ៕