ដឹងមូលហេតុកីឡាការិនី Rybakina បដិសេធមិនថតរូបជាមួយប្រធាន WTA ពេលលើកពាន WTA Finals
11-11-2025 16:47
(បរទេស)៖ ក្រោយទទួលបានជ័យជម្នះ ដោយមានប្រាក់រង្វាន់ច្រើនបំផុតមិនធ្លាប់មានសម្រាប់ Tennis ផ្នែកនារីជាប្រវតិ្តសាស្រ្តរួចមក កីឡាការិនី Elena Rybakina បានបដិសេធមិនឈរថតរូបជាមួយលោក Portia Archer ប្រធាន WTA Tour ឡើយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Rybakina អតីតម្ចាស់ជើងឯកពាន Wimbledon 2022 ដែលបានយកឈ្នះគូប្រជែងចំណាត់ថ្នាក់លេខ១ ពិភពលោក Aryna Sabalenka ដើម្បីលើកពាន WTA Finals កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក៏ប៉ុន្តែជើងខ្លាំងរបស់កាហ្សាក់ស្ថាន វ័យ ២៦ឆ្នាំរូបនេះ បានឈរថតរូបអានុស្សាវរីយ៍ដាច់ដោយឡែកពី Sabalenka និង Archer នៅអំឡុងពេលអបអរទៅវិញ បើទោះបីជាមានការស្នើសុំឱ្យឈរកៀកពួកគេក៏ដោយ។
ហេតុអ្វី?
Rybakina បានឆ្លើយថា ក៏ព្រោះតែកន្លងមក WTA បានធ្វើការដាក់ពិន័យគ្រូបង្វឹករបស់នាង គឺលោក Stefano Vukov។
លោក Vukov ត្រូវបានស្ថាប័នខាងលើដកបញ្ឈរជើងកាលពីដើមឆ្នាំនេះ បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តទៅនឹងច្បាប់របស់ WTA បន្ទាប់ពីការស៊ើបអង្កេតដោយឯករាជ្យមួយ ជុំវិញអាកប្បកិរិយាទៅលើកីឡាករ។
តួយ៉ាង នៅអំឡុងកម្មវិធី Australian Open កាលពីខែមករា ឆ្នាំ២០២៥ Rybakina បានរិះគន់ WTA ដោយនាងបាននិយាយថា មានរឿងជាច្រើនដែលនាងមិនយល់ព្រម ចំពោះគណៈគ្រប់គ្រងដែលបានធ្វើលើរូបនាងឡើយ ជុំវិញទំនាក់រវាងនាង និងគ្រូបង្វឹកសញ្ជាតិក្រូអាតខាងលើ។
Rybakina នៅតែរក្សាជំហរ ក៏ដូចជាបដិសេធថាគ្មានអ្វីបន្តិចសោះឡើយជាមួយលោក Vukov ស្របពេលគ្រូបង្វឹកវ័យ ៣៨ឆ្នាំរូបនេះ ក៏បានបដិសេធថា មិនបានធ្វើខុសអ្វីទាំងអស់ នៅមុនពេលបម្រាមត្រូវបានដកចេញវិញកាលពីខែសីហា ឆ្នាំ២០២៥ និងក៏មានវត្តមានផងដែរ ពេលកូនសិស្សឈ្នះពាន WTA Finals ដែលជាពានបិទបញ្ចប់ឆ្នាំនេះ៕



