OpenAI ត្រៀមបង្កើត «ជំនួយការសុខភាព AI» ផ្ទាល់ខ្លួន ក្រោយឃើញអ្នកប្រើប្រាស់រាប់រយលាននាក់សួររឿងពេទ្យ
12-11-2025 07:41
(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាម្ចាស់កម្មវិធី ChatGPT កំពុងមានផែនការថ្មីដ៏ធំមួយ គឺចង់ពង្រីកខ្លួនចូលក្នុងវិស័យសុខភាព ដោយបង្កើត ផលិតផលសុខភាពសម្រាប់អ្នកប្រើប្រាស់។ យោងតាមរបាយការណ៍របស់ Business Insider បានឱ្យដឹងថា ក្រុមហ៊ុននេះកំពុងពិចារណាបង្កើត ជំនួយការសុខភាពផ្ទាល់ខ្លួន ដែលដំណើរការដោយបច្ចេកវិទ្យា AI ជំនាន់ថ្មី (Generative AI) ដើម្បីទៅមុខលើសពីសេវាកម្ម AI ស្នូលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការសម្រេចចិត្តនេះកើតឡើងស្របពេលដែល OpenAI បានជ្រើសរើសអ្នកជំនាញសំខាន់ៗក្នុងវិស័យថែទាំសុខភាព ដូចជាលោក Nate Gross ជាប្រធានយុទ្ធសាស្ត្រសុខភាព និងអ្នកស្រី Ashley Alexander អនុប្រធានផ្នែកផលិតផលសុខភាព។ លោក Gross បានពន្យល់ពីសក្តានុពលនេះ ដោយថ្លែងថា៖ «ChatGPT ទាក់ទាញអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ប្រហែល ៨០០ លាននាក់ ដែលក្នុងនោះមនុស្សជាច្រើនកំពុងស្វែងរកការណែនាំផ្នែកវេជ្ជសាស្ត្រ»។
គួររំលឹកថា OpenAI កំពុងបោះជំហានចូលក្នុងទីផ្សារមួយដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតធ្លាប់បរាជ័យ។ កន្លងមក Google (បិទសេវាសុខភាពឆ្នាំ ២០១១), Amazon (បិទ Halo ឆ្នាំ ២០២៣) និង Microsoft មិនអាចទាក់ទាញអ្នកប្រើប្រាស់ឱ្យប្រើប្រាស់សេវាទិន្នន័យសុខភាពរបស់ពួកគេបានដោយជោគជ័យឡើយ។ ទោះជាយ៉ាងនេះក្តី OpenAI ហាក់មានសុទិដ្ឋិនិយម ដោយសារកំណើនដ៏ច្រើនលើសលប់របស់អ្នកប្រើប្រាស់ ChatGPT ដែលបង្ហាញពីតម្រូវការខ្ពស់ចំពោះព័ត៌មានសុខភាពតាមរយៈ AI៕










