ក្រសួងពាណិជ្ជកម្ម បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ហេង ហ្វេងហ្វា (ខេមបូឌា) អ៊ិនវេសមិន ឯ.ក នាំចូល និងចែកចាយផ្តាច់មុខផលិតផលថ្នាំពណ៌ជ្រលក់សម្លៀកបំពាក់ សារធាតុពណ៌ និង ថ្នាំពណ៌ម៉ាក Colva និង Lonsheng ជាផ្លូវការ
12-11-2025 09:06
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឯកភាពទទួលស្គាល់ ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ហេង ហ្វេងហ្វា (ខេមបូឌា) អ៊ិនវេសមិន ឯ.ក នាំចូល និងចែកចាយផ្តាច់មុខផលិតផលថ្នាំលាប ថ្នាំពណ៌ជ្រលក់សម្លៀកបំពាក់ សារធាតុពណ៌ និងថ្នាំជ្រលក់ ម៉ាក់ Colva និង Lonsheng ជាផ្លូវការ ដើម្បីចែកចាយ និងផ្គត់ផ្គង់ថ្នាំពណ៌ទាំងពីរម៉ាកនេះនៅកម្ពុជា។
តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពរយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ចាប់ពីក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី ជំនួយការ លោកអគ្គនាយក ក្រុមហ៊ុន ហេង ហ្វេងហ្វា (ខេមបូឌា) អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ថា ការដែលក្រសួងពាណិជ្ជកម្មផ្តល់សិទ្ធិនាំចូលផ្តាច់មុខដល់ ក្រុមហ៊ុន ហេង ហ្វេងហ្វា លើការនាំចូលថ្នាំពណ៌ជ្រលក់សម្លៀកបំពាក់ ម៉ាក Colva និង Lonsheng ដោយសារក្រសួងមានទំនុកចិត្តលើក្រុមហ៊ុន ខណៈថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សុទ្ធតែមានជំនាញច្បាស់លាស់ ក្នុងការប្រើប្រាស់ ថ្នាំជ្រលក់ពណ៌សម្លៀកបំពាក់ទាំងនោះ។
ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏មានសម្ភារៈ ឧប្បទ្ទេស ពិសោធដើម្បីត្រួតពិនិត្យគុណភាពផងដែរ។
លោកបន្ថែមថា ការអនុញ្ញាតឱ្យ ក្រុមហ៊ុន ហេង ហ្វេងហ្វា នាំចូលផ្តាច់មុខនូវថ្នាំពណ៌ជ្រលក់សម្លៀកបំពាក់ ម៉ាក Colva និង Lonsheng មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វិស័យវាយនភ័ណ្ឌផលិតសំលៀកបំពាក់ ដែលភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា ថ្នាំពណ៌ជ្រលក់សម្លៀកបំពាក់ម៉ាក Colva និង Lonsheng គឺជាផលិតផលដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ ដែលជួយដល់ការកាត់បន្ថយថ្លៃដើមផលិតកម្ម។
ឧកញ៉ា បណ្ឌិត បានបញ្ជាក់បន្ថែមថា បន្ទាប់ពីទទួលបានសិទ្ធិនាំចូលផ្តាច់មុខនេះ ប្រសិនបើមានអ្នកណា ឬក្រុមហ៊ុនណាមួយនាំចូល ស្របច្បាប់ឬមិនស្របច្បាប់ តាមរយៈការគេចបង់ពន្ធ, ក្លែងបន្លំវេចខ្ចប់,ក្រុមហ៊ុននឹងសហការជាមួយក្រសួងនិង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីចុះបង្ក្រាប និងពិន័យទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ផលិតផលក្លែងក្លាយ និងក្លែងបន្លំគុណភាព៕



































































