Ronaldo បញ្ជាក់ថា World Cup 2026 ជាឱកាសចុងក្រោយសម្រាប់លោក ដែលលេងបាន ៦សម័យ
12-11-2025 09:31
(បរទេស)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចេញមកបញ្ជាក់ច្បាស់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 វាជាឱកាសចុងក្រោយសម្រាប់លោកហើយ បន្ទាប់ពីបង្ហាញខ្លួនបាន ៥លើករួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បច្ចុប្បន្ន ប្រធានក្រុមវ័យជាង ៤០ឆ្នាំរូបនេះ បានកំពុងកាន់កាប់កំណត់ត្រាចូលលេងនៅជម្រើសជាតិបានច្រើនជាងគេ ពោលគឺមានដល់ទៅ ២២៥លើកឯណោះជាមួយបច្ចខែលព័រទុយហ្គាល់។
លើសពីនេះទៀត Ronaldo ដែលរកបាន ៩៥៣គ្រាប់ទាំងលេងនៅជម្រើសជាតិ និងក្លឹបផងនោះបានបង្ហើបថា រូបលោកអាចនឹងចូលនិវត្តន៍ពីបាល់ទាត់តែម្តងក្នុងរយៈពេលពី «១ឆ្នាំទៅ ២ឆ្នាំទៀតប៉ុណ្ណោះ»។
World Cup ឆ្នាំក្រោយ ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា វាគឺជាការបង្ហាញខ្លួនជុំចុងក្រោយជាលើកទី៦ របស់ Ronaldo ជាមួយព័រទុយហ្គាល់គិតចាប់តាំងពីឆ្នាំ២០០៦ នៅប្រទេសអាល្លឺម៉ង់ ដ្បិតមិនធ្លាប់ឈ្នះធំនេះក៏ដោយ។
ថ្លែងក្នុងកិច្ចសម្ភាសន៍នៅឯកម្មវិធី Tourise Summit ស្ថិតក្នុងទីក្រុង Ryadh នៅពេលសួរថា តើ 2026 World Cup ជាឱកាសចុងក្រោយសម្រាប់លោកមែនទេ? Ronaldo បានឆ្លើយថា «បាទ វាជាការពិតណាស់ ពោលគឺខ្ញុំបានឈានចូលវ័យ ៤១ឆ្នាំ ហើយខ្ញុំគិតថា វាគឺជាកម្មវិធីប្រកួតធំចុងក្រោយទៀតផង»។
ទោះជាយ៉ាងណា ព័រទុយហ្គាល់ដែលមានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Roberto Martinez ដឹកនាំនោះ មិនទាន់ធានាកៅអីទៅ World Cup 2026 នៅឡើយទេ ក្នុងនាមក្រុមខ្លាំងមួយនៅអឺរ៉ុប ក៏ប៉ុន្តែពួកគេនឹងទទួលបានកៅអីជុំចុងក្រោយ ប្រសិនបើអាចយកឈ្នះសាធារណរដ្ឋអៀរឡង់នៅរាត្រីថ្ងៃព្រហស្បតិ៍៕



