ខ្សែប្រយុទ្ធឆ្នើម Liverpool បដិសេធមិនចូលរួមជាមួយជម្រើសជាតិអ៉ីតាលី តាមការកោះហៅរបស់គ្រូបង្វឹក

12-11-2025 11:32

(បរទេស)៖ លោក Gennaro Gattuso អ្នកចាត់ការទូទៅថ្មីនៃក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលីបានទម្លាយថា កីឡាករ Federico Chiesa បានជំទាស់ពីការហៅរបស់លោកចូលរួមជាមួយជម្រើសជាតិ ត្រៀមលេងជម្រុះ World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ Daily Mail។

ក្រុមជម្រើសជាតិអាសូរីមួយនេះ ត្រូវប្រឈមនឹងម៉ុលដាវី និងន័រវេសនាសប្តាហ៍ក្រោយ ក្នុងការព្យាយាមស្វែងរកកៅអីឡើងទៅលេង World Cup ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៤ ស្ថិតក្នុងស្ថានភាពបង្ខំចិត្តដោយគ្មានវត្តមានខ្សែប្រយុទ្ធមកពីក្លឹបហង្សក្រហម Liverpool ខាងលើ។

Chiesa អតីតតារាសំខាន់របស់ក្លឹបសេះបង្កង់ Juventus ពុំបានលេងឱ្យអ៉ីតាលីឡើយ គិតចាប់តាំងលេងនៅពានអឺរ៉ុប Euro 2024 ចុងក្រោយ នៅពេលដែលអ៉ីតាលីបានហាលអាវត្រឹមវគ្គ ១៦ក្រុមក្រោមថ្វីជើងរបស់ស្វីស ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ។

ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ ជាកីឡាករសំខាន់មួយរូបរបស់អ៉ីតាលី ដែលបានរួមចំណែកឈ្នះពាន Euro 2020 ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកចាស់ លោក Roberto Mancini មុនពេលញ៉ាំញីទៅដោយបញ្ហារបួសជាខ្លាំង។

លោក Gattuso បានថ្លែងក្នុងសន្និសីទថា «Chiesa បានបដិសេធមិនចូលរួមជាមួយជម្រើសជាតិ តាមការកោះហៅរបស់ខ្ញុំឡើយ។ ជារឿយៗខ្ញុំតែងតែពិភាក្សាជាមួយគាត់ ដោយគោរពចំពោះការសម្រេចចិត្តរបស់គាត់ទៀតផង និងបញ្ហានានាដែលពួកយើងកំពុងជួបប្រទះថែមទៀត»។

លោកក៏បានរំលឹកផងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥ Chiesa ក៏បានដកខ្លួនពីអ៉ីតាលី ដែលលេងជម្រុះ World Cup ទល់នឹងប៊ែលហ្សិក និងអ៉ីស្រាអែលដែរ ក៏ព្រោះតែគាត់ពុំមានអារម្មណ៍ល្អ ១០០% ដើម្បីលេង៕