SoftBank ស្រាប់តែលក់ភាគហ៊ុននៅ Nvidia តម្លៃ ៥.៨ពាន់លានដុល្លារចោល ធ្វើឲ្យមានការព្រួយបារម្ភអំពី AI
12-11-2025 16:48
(បរទេស)៖ ក្រុមហ៊ុនវិនិយោគដ៏ធំរបស់ជប៉ុន SoftBank Group Corp. បានលក់ភាគហ៊ុនទាំងស្រុងរបស់ខ្លួនក្នុងក្រុមហ៊ុនផលិតឈីបអាមេរិក Nvidia Corp. ដែលមានតម្លៃប្រហែល ៥.៨ ពាន់លានដុល្លារ ក្នុងខែតុលា ឆ្នាំ២០២៥នេះ។ ការលក់នេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស និងបានបណ្តាលឱ្យតម្លៃភាគហ៊ុន Nvidia ធ្លាក់ប្រមាណ ២% បន្ទាប់ពីការផ្សាយព័ត៌មាន។
SoftBank បញ្ជាក់ថា ប្រាក់ដែលទទួលបាននឹងត្រូវប្រើសម្រាប់ការវិនិយោគថ្មីៗក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ជាពិសេសគម្រោងធំ «Stargate» ដែលមានតម្លៃប្រហែល ៥០០ពាន់លានដុល្លារ ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ (data centers) នៅសហរដ្ឋអាមេរិក និងការវិនិយោគប្រមាណ ៤០ ពាន់លានដុល្លារ ទៅកាន់ OpenAI។ អ្នកវិភាគជាច្រើនបានបង្ហាញការព្រួយបារម្ភថា ការលក់នេះអាចជាសញ្ញាថា «ជំពូកទីមួយនៃរឿងរ៉ាវ AI» អាចនឹងសម្រេចដល់ចំណុចកំពូលហើយ។ ពួកគេចង្អុលបង្ហាញថា តម្លៃភាគហ៊ុន AI ដូចជា Nvidia បានឡើងយ៉ាងលឿនក្នុងរយៈពេលខ្លី បង្កើតការភ័យខ្លាចអំពី «ការពុះកញ្រ្ជោលផ្នែក AI»។
ទោះយ៉ាងណា SoftBank បដិសេធថា ការលក់នេះមិនមែនជាសញ្ញាថា Nvidia អនាគតមិនល្អទេ។ ពួកគេចង់ផ្លាស់ប្តូរការវិនិយោគពី ឧបករណ៍ឈីប (hardware) ទៅ ហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម AI ដែលត្រូវបានគេជឿថា ជាជំហានបន្ទាប់នៃការរីកចម្រើន។ អ្នកវិភាគមួយចំនួននិយាយថា ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ SoftBank គឺសមហេតុផល តែវាក៏អាចជាសញ្ញាឲ្យទីផ្សារពិចារណាថា «ការលូតលាស់ងាយស្រួលនៃភាគហ៊ុន AI អាចនឹងបញ្ចប់ ហើយវាអាចចូលទៅដល់ដំណាក់កាលថ្មីដែលពិបាកប៉ាន់ស្មានជាងមុន»៕









