កីឡាករនីហ្សេរីយ៉ា ពហិកាមិនហ្វឹកហាត់ ដើម្បីលេងជម្រុះ World Cup 2026 ព្រោះរឿងប្រាក់ឈ្នួល
13-11-2025 09:49
(បរទេស)៖ ក្រុមកីឡាករបាល់ទាត់នៃប្រទេសនីហ្សេរីយ៉ា បានបដិសេធហ្វឹកហាត់កាលពីថ្ងៃអង្គារ ដែលមានរយៈពេលត្រឹម ២ថ្ងៃប៉ុណ្ណោះ ពួកគេត្រូវលេងជម្រុះ World Cup 2026 ទល់នឹងកាបុង នៅប្រទេសម៉ារ៉ុក ដោយសាររឿងប្រាក់ពលកម្ម។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការតវ៉ាប្រឆាំងនេះដែរ គឺមានជាប់ពាក់ព័ន្ធនឹងការទទួលបានប្រាក់ពលកម្ម និងប្រាក់ឧបត្ថម្ភដែលពួកគេមិនទាន់ទទួលបានពីសហព័ន្ធបាល់ទាត់ស្ថិតនៅទ្វីបអាហ្រ្វិកមួយនេះ។
នីហ្សេរីយ៉ា ដែលមានកីឡាករសំខាន់ដូចជា Victor Osimhen និង Ademola Lookman ផងនោះ បានកំពុងស្នើសុំឱ្យមានដំណោះស្រាយផងដែរចំពោះរឿងនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ា (NFF)។
ពួកគេបានពហិកាមិនចេញហ្វឹកហាត់ឡើយ ដើម្បីត្រៀមប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អាហ្វ្រិក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Moulay Hassan ស្ថិតក្នុងទីក្រុង Rabat នាថ្ងៃព្រហស្បតិ៍នេះ នៅពេលប្រធានក្រុម William Troost-Ekong បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា «ការដោះស្រាយរឿងប្រាក់ឈ្នួល គឺជាជម្រើសទី១ ដ្បិតពួកយើងទាំងអស់គ្នា នៅតែបន្តផ្តោតទៅលើជំនួបធំខាងមុខដដែល»។
ទោះជាយ៉ាងណា គិតមកទល់ពេលនេះ NFF ពុំទាន់មានប្រតិកម្ម ក៏ដូចជាឆ្លើយតបអ្វីនោះទេ ក៏ប៉ុន្តែប្រភពជិតស្និទ្ធបានទម្លាយថា បានកំពុងពិភាក្សាគ្នា ដើម្បីដោះស្រាយហើយ៕



