អាជ្ញាធរ Media អៀរឡង់ បើកការស៊ើបអង្កេតលើបណ្តាញ X របស់ Elon Musk

13-11-2025 09:58

(បរទេស)៖ អាជ្ញាធរផ្នែក Media របស់ប្រទេសអៀរឡង់ បានប្រកាសបើកការស៊ើបអង្កេតផ្លូវការលើបណ្តាញសង្គម X (អតីត Twitter) របស់ Elon Musk តាមច្បាប់ Digital Services Act (DSA) របស់សហភាពអឺរ៉ុប។ ការស៊ើបអង្កេតនេះ កើតឡើយដោយសារការព្រួយបារម្ភថា ក្រុមហ៊ុននេះមិនផ្តល់ឱកាសឲ្យអ្នកប្រើប្រាស់អាចប្តឹងឬពិនិត្យឡើងវិញលើសេចក្ដីសម្រេចពាក់ព័ន្ធនឹងការត្រួតពិនិត្យមាតិកា ហើយប្រព័ន្ធដោះស្រាយបញ្ហាផ្ទៃក្នុងរបស់វាក៏មិនងាយស្រួលក្នុងការចូលប្រើផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

អាជ្ញាធរបានសួរនូវសំណួរជាច្រើនថា តើអ្នកប្រើប្រាស់អាចដាក់បណ្តឹងឲ្យពិនិត្យឡើងវិញក្រោយការរាយការណ៍ត្រូវបានបដិសេធឬទេ; តើ X ប្រាប់លទ្ធផលឲ្យអ្នកប្រើប្រាស់ដឹង និងឲ្យសិទ្ធិប្តឹងឬទេ; និងថា តើប្រព័ន្ធរាយការណ៍ និងប្ដឹងរបស់ X មានភាពងាយប្រើឬទេ? ការស៊ើបអង្កេតត្រូវបានចាប់ផ្ដើមក្រោយពេលក្រុមត្រួតពិនិត្យផ្ទៃក្នុងរបស់អាជ្ញាធរមានការព្រួយបារម្ភ និងទទួលការជូនដំណឹងពីអង្គការ NGO HateAid និងអ្នកប្រើប្រាស់ម្នាក់។ ប្រសិនបើ X ត្រូវបានរកឃើញថាមិនគោរពតាមច្បាប់ DSA អាជ្ញាធរអាចផាកពិន័យដល់ ៦% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

X មានការិយាល័យអឺរ៉ុបនៅអៀរឡង់ ដូច្នេះអាជ្ញាធរនេះគឺជាអង្គភាពសំខាន់ក្នុងការអនុវត្តច្បាប់ DSA ទៅលើវេទិកា។ DSA គឺជាច្បាប់ថ្មីនៃសហភាពអឺរ៉ុប ដែលកំណត់ឲ្យវេទិកាធំៗមានភាពថ្លៃថ្នូរ និងទទួលខុសត្រូវចំពោះមាតិកាអនឡាញ។

គួរជម្រាបថា កន្លងមក ក៏មានការស៊ើបអង្កេតពីអាជ្ញាធរ Data Protection Commission អៀរឡង់ ផងដែរ ពាក់ព័ន្ធនឹងការប្រើទិន្នន័យអ្នកប្រើប្រាស់អឺរ៉ុប ដើម្បីបណ្តុះម៉ូដែល AI «Grok» របស់ X។ យ៉ាងណាមិញ អ្វីដែលគួរតែតាមដានបន្ទាប់ពេលនេះ គឺអាជ្ញាធរនឹងស្នើឲ្យ X ផ្ដល់ព័ត៌មានលម្អិតអំពីប្រព័ន្ធរាយការណ៍ និងការប្តឹង។ លទ្ធផលនៃការស៊ើបអង្កេតអាចនាំឲ្យមានការផាកពិន័យ ឬការប្តូរគោលនយោបាយរបស់ X នៅអឺរ៉ុប។