កម្ពុជាប៉ះម្ចាស់ផ្ទះហុងកុងយប់នេះ ខណៈលោក Koji ដាក់គោលដៅយកឈ្នះ ទោះគ្មានពេលគ្រប់គ្រាន់ដើម្បីរៀបចំក្រុម

13-11-2025 10:03

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះហុងកុង នាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។ ជាមួយគ្នាលោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានប្ដេជ្ញាចិត្ត និងដាក់គោលដៅយកឈ្នះការប្រកួតនេះ ទោះបីលោកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំក្រុម និងចាត់ទុកហុងកុងជាក្រុមខ្លាំងក៏ដោយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Koji បានបញ្ជាក់ថា «ហុងកុងជាក្រុមដ៏ខ្លាំងមួយ។ ការប្រកួតនេះ នឹងជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់ពួកយើង ។ ពួកយើងមិនមានពេលវេលាគ្រប់គ្រាន់នោះឡើយសម្រាប់ការរៀបចំក្រុម ប៉ុន្តែនៅថ្ងៃប្រកួត យើងនឹងប្រឹងប្រែងអោយអស់ពីលទ្ធភាព និងដាក់គោលដៅយកឈ្នះការប្រកួតនេះ»។ បន្ថែមលើនេះ លោកពិតជារីករាយជាមួយការប្រកួត និងអរគុណសហព័ន្ធបាល់ទាត់ចិនហុងកុង ដែលបានរៀបចំការប្រកួតនេះឡើង។

គួរដឹងថា ការណាត់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រកួតកម្ដៅសាច់ដុំ កំឡុងសម្រាក FIFA Day ប្រចាំខែវិច្ឆិកានេះ គឺជាការត្រៀមលក្ខណៈរបស់ក្រុមជម្រើសកោះហុងកុង សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី (AFC Asian Cup) ឆ្នាំ២០២៧ ពូលC ដែលពួកគេនឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិសិង្ហបុរី ក្នុងជើងទី២ នាថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០-០ នៅទឹកដីសិង្ហបុរី នាពេលកន្លងទៅ។ ជំនួបមិត្តភាពខាងលើ ក៏នឹងមានផ្សាយបន្ដផ្ទាល់ដោយទូរទស្សន៍ក្នុងស្រុកមួយផងដែរ៕