Oscar ពិចារណាចូលនិវត្តន៍ពីបាល់ទាត់ នៅពេលជួបបញ្ហាជំងឺបេះដូង

13-11-2025 10:21

(បរទេស)៖ Oscar ដែលត្រូវបានគេស្គាល់ថា ជាអតីតខ្សែបម្រើឆ្នើមមួយរបស់តោខៀវ Chelsea បានកំពុងពិចារណាលាឈប់ពីបាល់ទាត់ បន្ទាប់ពីជួបបញ្ហាជំងឺបេះដូងនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កន្លងមកការប្រកបអាជីពនៅទឹកដីអង់គ្លេស Oscar រកបាន ៣៨គ្រាប់ ក្នុងចំណោម ២០៣ប្រកួតសម្រាប់ Chelsea នាអំឡុងខែកក្កដា ឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០១៦។

ខ្សែបម្រើអន្តរជាតិប្រេស៊ីល វ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយការពិនិត្យរកឃើញថា មានបញ្ហាបេះដូង ពេលហ្វឹកហាត់ជុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីត្រៀមលេងបើករដូវកាលថ្មីជាមួយក្លឹប Sao Paulo។

របាយការណ៍ពី Globo របស់ប្រេស៊ីលបានរាយការណ៍ថា Oscar បានដួលនៅអំឡុងពេលជិះកង់ ដែលសន្លប់បាត់ស្មារតីអស់រយៈពេល ២នាទី។

Oscar បានវិលមកកាន់ក្លឹបលេងនៅលីគកំពូលប្រេស៊ីលនេះវិញកាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងនាមក្លឹបដែលរូបគេផ្តើមអាជីពបាល់ទាត់ដំបូងនៅទីនេះ ក្រោយចំណាយពេល ៨ឆ្នាំលេងនៅប្រទេសចិន។

ស្ថានភាពជំងឺរបស់ Oscar នាពេលនេះ បានធូរស្បើយច្រើនហើយ និងកំពុងតាមដានបន្តផងដែរ ក្នុងមន្ទីរពេទ្យនៅប្រទេសប្រេស៊ីល៕