Nvidia បដិសេធ​ភ្លាមៗ​នូវ​ការ​វិនិយោគ ១ ពាន់​លាន​ដុល្លារ​ក្នុង​មជ្ឈមណ្ឌល AI នៅ​ម៉ិកស៊ិក ក្រោយ​អភិបាល​រដ្ឋ​ប្រកាស​យ៉ាង​គគ្រឹកគគ្រេង

13-11-2025 11:28

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុតលើពិភពលោក Nvidia បាន​ធ្វើ​ឱ្យ​សាធារណជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​ពេលថ្មីៗនេះ ដោយ​បាន​ចេញមុខ​បដិសេធ​ទាំងស្រុង​នូវ​ការ​វិនិយោគ​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ១ ពាន់​លាន​ដុល្លារ នៅក្នុង​រដ្ឋ Nuevo Leon ភាគខាងជើង​ប្រទេស​ម៉ិកស៊ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការ​បដិសេធ​នេះ​បាន​កើតឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អភិបាលរដ្ឋ លោក Samuel Garcia បាន​បង្ហោះ​វីដេអូ​ប្រកាស​យ៉ាង​គគ្រឹកគគ្រេង​ថា Nvidia នឹង​មក​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) បញ្ញា​សិប្បនិមិត្ត (AI) ប្រភេទ​បៃតង​ដ៏ធំ​មួយ​ក្នុង​រដ្ឋ​របស់​លោក។ អ្វី​ដែល​កាន់តែ​គួរឱ្យ​ឆ្ងល់​នោះ គឺ​ក្នុង​វីដេអូ​នោះ ក៏​មាន​វត្តមាន​តំណាង​ក្រុមហ៊ុន Nvidia អង្គុយ​ក្បែរ​លោក​អភិបាល​ផង​ដែរ តែ​ពួកគេ​មិនបាន​ចេញមុខ​បញ្ជាក់ ឬ​បដិសេធ​អ្វី​ឡើយ។

ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តី​ប្រកាស​នេះ ក្រុមហ៊ុន Nvidia បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា៖ «Nvidia មិន​មាន​ផែនការ​វិនិយោគ​ហិរញ្ញវត្ថុ​នៅ​ក្នុង​រដ្ឋ Nuevo Leon ទេ»។ ក្រុមហ៊ុន​បាន​ពន្យល់​បន្ថែម​ថា ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​អាមេរិក​ឡាទីន គឺ​ផ្តោត​តែ​លើ​ «កិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​ទេពកោសល្យ​តែ​ប៉ុណ្ណោះ» ដោយ​មិន​មាន​ការ​បោះទុន​ផ្ទាល់​នោះ​ទេ។

ក្រោយពី​មាន​ការ​បដិសេធ​របស់ Nvidia លោក អភិបាលរដ្ឋ Garcia ក៏​បាន​កែតម្រូវ​ព័ត៌មាន​របស់​លោក​វិញ​ភ្លាមៗ ដោយ​បញ្ជាក់​ថា ការវិនិយោគ​មជ្ឈមណ្ឌល​ទិន្នន័យ​បៃតង​ដែល​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ​នោះ គឺ​ជា​របស់​ក្រុមហ៊ុន CIPRE Holding របស់​ម៉ិកស៊ិក​ទៅវិញ​ទេ ហើយ​ក្រុមហ៊ុន​ក្នុងស្រុក​នេះ​នឹង​ប្រើប្រាស់​តែ​បច្ចេកវិទ្យា​របស់ Nvidia ក្នុង​គម្រោង​របស់​ខ្លួន៕