កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរវាងកម្ពុជា និងសិង្ហបុរី ដំណាក់កាលទី១ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ, ចាប់ពីនេះពលរដ្ឋខ្មែរទៅសិង្ហបុរី អាចប្រើប្រាស់ប្រាក់រៀល តាមរយៈស្កេនទូទាត់បាន
13-11-2025 11:42
(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា និងសិង្ហបុរី «កម្ពុជាស្កេនសិង្ហបុរី» ដែលចាប់ពីនេះពលរដ្ឋកម្ពុជា ដែលធ្វើដំណើរទៅសិង្ហបុរី អាចប្រើប្រាស់ប្រាក់រៀលបាន តាមរយៈស្កេនទូទាត់លើ RoamQR ដែលមាននៅតាមអាជីវករ SGQR ទូទាំងប្រទេសសិង្ហបុរី។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ការដាក់ឱ្យដំណើរការដំណាក់កាលទី១ ក្រោមកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខគេគឺធនាគារ អេស៊ីលីដា មកពីប្រទេសកម្ពុជា និងក្រុមហ៊ុន Liquid Group Pte. Ltd មកពីប្រទេសសិង្ហបុរី។
ប្រជាជនកម្ពុជាធ្វើដំណើរទៅប្រទេសសិង្ហបុរី អាចប្រើប្រាស់ប្រាក់រៀល តាមរយៈកម្មវិធី អេស៊ីលីដាស៊ូភើអេប ស្កេនទូទាត់លើ RoamQR ដែលមាននៅតាមអាជីវករ SGQR ទូទាំងប្រទេសសិង្ហបុរី បានភ្លាមៗ ងាយស្រួល រហ័ស និងមានសុវត្ថិភាព ។
ក្រោមកិច្ចផ្ដួចផ្ដើមទ្វេភាគីនេះ បានលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងការទូទាត់ដោយប្រើប្រាស់ប័ណ្ណ។ នេះជាជំហានដ៏មានសារៈសំខាន់មួយទៀត ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងជំរុញដល់ទេសចរណ៍រវាងប្រទេសទាំងពីរ ប្រកបដោយចីរភាព។
ការដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា (KHQR) និងសិង្ហបុរី RoamQR (SGQR) គឺសរបញ្ជាក់ពីការអភិវឌ្ឍរបស់ធនាគារ អេស៊ីលីដាដែលទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែនរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសថៃ វៀតណាម ឡាវ និងជប៉ុន នាពេលកន្លងមកនេះ។ នៅក្នុងបេសកកម្មរបស់ធនាគារក្នុងការពង្រីកការតភ្ជាប់ហិរញ្ញវត្ថុ និងបង្កើនភាពងាយស្រួលរបស់អតិថិជន បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានមោទនភាពក្នុងការពង្រីកសេវាកម្មនេះទៅកាន់ប្រទេសសិង្ហបុរី។ នាពេលអនាគត ធនាគារ អេស៊ីលីដា គ្រោងនឹងពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ QR ឆ្លងដែនជាមួយប្រទេសឥណ្ឌា និងដៃគូក្នុងតំបន់មួយចំនួនបន្ថែមទៀត។
ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយជាក្រៃលែង ដែលធនាគារជាតិនៃកម្ពុជា បានជ្រើសយកធនាគារ អេស៊ីលីដា ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់ និងទូទាត់ឆ្លងដែនជាមួយប្រទេសសិង្ហបុរី ដោយសេវាទូទាត់ឃ្យូអរកូតឆ្លងដែន រវាងកម្ពុជា-សិង្ហបុរី ត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ដែលអាចធ្វើអន្តរប្រតិបត្តិការបាន៕








