លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចុះ «MOU» ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្តីពី «កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្គ្រោះជីវិត»

13-11-2025 13:04

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនី នៃសមាគមសិល្បករខ្មែរ ធ្វើការងារសង្គមដ៏មានតម្លៃ និងអត្ថន័យបំផុតសម្រាប់ជីវិត តាមរយៈកម្មវិធីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្តីពី «កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្គ្រោះជីវិត» រួមជាមួយនឹងការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីសិល្បករ-សិល្បការិនីក្រោមប្រធានបទ «តំណក់ឈាមសិល្បករ បន្តជីវិត និងស្នាមញញឹម»

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមសិល្បករខ្មែរ ក្រោមវត្តមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ និងសិល្បករសិល្បការិនីប្រមាណជិត២០០នាក់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង មានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនកម្ពុជា មានការយល់ដឹងកាន់តែច្រើនពីការបរិច្ចាគឈាម និងមានចំនួននៃការបរិច្ចាគកាន់តែផុលផុស ក៏ប៉ុន្តែកំណើននៃតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្សប្រចាំថ្ងៃ ក៏មានតម្រូវការកើនឡើងជាបន្តបន្ទាប់ដូចគ្នាដែរ។ ដូច្នេះការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មហាជន និងការផ្សព្វផ្សាយកៀរគរអ្នកបរិច្ចាគបន្ត នៅតែជារឿងដ៏ចាំបាច់បំផុតសម្រាប់ជីវិតមនុស្សជាតិ។

ទន្ទឹមនឹងនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង គូសបញ្ជាក់បន្ថែមដោយផ្អែកតាមការស្រាវជ្រាវបែបវេជ្ជសាស្ត្រថា ការបរិច្ចាគឈាមពិតជាមិនបានបង្កផលប៉ះពាល់ដល់សុខភាពមនុស្សឡើយ យើងនៅតែមានសុខភាពល្អជាធម្មតា។ តែផ្ទុយទៅវិញយើងបានទទួលអត្ថប្រយោជន៍ជាច្រើន ដូចជាការពិនិត្យឈាមរកមេរោគនៅក្នុងខ្លួន, ជួយកាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយកូលេស្តេរ៉ូល និងភាពតានតឹងក្នុងចិត្ត, កាត់បន្ថយការដាច់សរសៃឈាមក្នុងខួរក្បាល, កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយឱ្យប្រសើរនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់ជាដើម។ លើសពីនេះ ការបរិច្ចាគឈាម គឺជាអំណាចនៃកុសលផលបុណ្យដ៏ធំមួយ ក្នុងការជួយសង្គ្រោះជីវិតទៀតផង។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង មានសុទិដ្ឋិនិយមថា ការចាប់ដៃសហការគ្នាប្រកបដោយគុណធម៌មួយនេះ នឹងញ៉ាំងឱ្យមានភាពវិជ្ជមានលើសពីអនុស្សរណៈ ពោលគឺពួកយើងនឹងអាចរួមចំណែក ធ្វើឱ្យជីវិតសហគមន៍របស់យើងកាន់តែស្រស់បំព្រង ហើយយើងទាំងអស់គ្នាក៏សង្ឃឹមយ៉ាងមុខមាំផងដែរថា តាមរយៈការបរិច្ចាគឈាមរបស់សិល្បករ-សិល្បការិនីរបស់យើង នាពេលនេះ អាចរួមចំណែកជួយបំពេញបន្ថែមនូវតម្រូវឈាមក្នុងវិស័យសុខាភិបាលជាក់ជាមិនខាន។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ថ្ងៃនេះការចុះអនុស្សរណៈនេះជាចំណុចដ៏សំខាន់មួយ ក្នុងការរួបរួមគ្នាជាដៃគូសហការ ដើម្បីលើកកម្ពស់ទម្លាប់ និងវប្បធម៌បរិច្ចាគឈាមស្ម័គ្រចិត្តក្នុងសង្គមខ្មែរ។ តាមរយៈសិល្បៈ សំឡេងតន្ត្រី និងស្នាដៃសិល្បៈទាំងឡាយ យើងអាចបញ្ជូនសារសំខាន់ៗ អំពីការបរិច្ចាគឈាមដល់ប្រជាពលរដ្ឋជាទូទៅឲ្យយល់ថា ការបរិច្ចាគឈាមមិនត្រឹមតែជាការងារមនុស្សធម៌ប៉ុណ្ណោះទេ ការបរិច្ចាគឈាមជាការសង្គ្រោះជីវិតមនុស្សដោយក្តីសប្បុរស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តថា សមាគមសិល្បករខ្មែរ គឺជាកម្លាំងមួយដ៏សំខាន់ក្នុងសង្គមដែលអាចផ្លាស់ប្តូរគំនិត និងលើកទឹកចិត្តឲ្យ មនុស្សកាន់តែចូលរួមក្នុងការបរិច្ចាគឈាម។ លោកវេជ្ជបណ្ឌិត ជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងបង្កើតឱកាសថ្មីៗ សម្រាប់ការផ្សព្វផ្សាយព័ត៌មានទាក់ទង និងសកម្មភាពបរិច្ចាគឈាមតាមរយៈសិល្បៈ ដែលមានឥទ្ធិពលដោយផ្ទាល់ដល់ផ្លូវចិត្តមហាជន។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ សង្ឃឹមថា ការចុះអនុស្សរណៈនេះ ជាចំណុចចាប់ផ្តើមនៃការរួមដំណើរយ៉ាងជិតស្និទ្ធរវាងវិស័យសិល្បៈ និងវិស័យសុខាភិបាល ដើម្បីជំរុញឲ្យប្រជាជនកាន់តែយល់ដឹង អំពីតម្លៃនៃគ្រាប់ឈាមក្រហមរបស់មនុស្ស និងការបរិច្ចាគឈាមស្ម័គ្រចិត្ត។

គួរបញ្ជាក់ថា យោងតាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុងមួយឆ្នាំ តម្រូវការឈាមនៅកម្ពុជាមានប្រមាណ ១៧ម៉ឺនប្លោក។ មកទល់នឹងម៉ោងនេះ មិនទាន់មានរោងចក្រណាអាចផលិតឈាម សម្រាប់បំពេញតម្រូវការនៅលើទីផ្សារ ឬសង្គ្រោះជីវិតមនុស្សបាននៅឡើយទេ ពោលគឺឈាមមានប្រភពតែមួយគត់ គឺចេញពីមនុស្ស៕