OpenAI បដិសេធ​បញ្ចេញ​កំណត់​ហេតុ​សន្ទនារាប់​លាន​ករណី ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​​ឯកជន​ភាពអ្នក​ប្រើ

13-11-2025 14:52

(បរទេស)៖ ក្រុមហ៊ុន​បញ្ញា​សិប្បនិមិត្ត​យក្ស OpenAI កំពុង​ប្រឈម​មុខ​នឹង​ការ​តតាំង​ផ្លូវ​ច្បាប់​ជាមួយ​នឹង​កាសែត The New York Times (NYT) ជុំវិញ​បណ្តឹង​រំលោភ​កម្មសិទ្ធិ​បញ្ញា។ ថ្មីៗ​នេះ OpenAI បាន​ស្នើ​ទៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ញូវយ៉ក ឲ្យ​ច្រាន​ចោល​ដីកា​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​កំណត់​ហេតុ​ការ​សន្ទនា​ដែល​លុប​ឈ្មោះ (anonymized) របស់ ChatGPT ចំនួន ២០ លាន​ករណី។ ក្រុមហ៊ុន​បាន​លើក​ហេតុផល​ថា ការ​ប្រគល់​ឯកសារ​ទាំង​នេះ​នឹង​បង្ហាញ​ពី​ការ​សន្ទនា​ឯកជន​របស់​អ្នក​ប្រើប្រាស់ ហើយ​ថា​កំណត់​ហេតុ​ទាំង​នោះ «៩៩.៩៩%» គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​រំលោភ​កម្មសិទ្ធិ​បញ្ញា​នេះ​ទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមហ៊ុន AI មួយ​នេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ឯកជនភាព ​ដោយ​បាន​បញ្ជាក់​ក្នុង​ឯកសារ​ដាក់​ជូន​តុលាការ​ថា៖ «និយាយ​ឲ្យ​ច្បាស់ នរណា​ម្នាក់​នៅ​ក្នុង​ពិភពលោក​ដែល​បាន​ប្រើ ChatGPT ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក ឥឡូវ​នេះ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​លទ្ធភាព​ដែល​ការ​សន្ទនា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ The Times ដើម្បី​ត្រួតពិនិត្យ​តាម​អំពើ​ចិត្ត​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ដែល​គ្មាន​មូលដ្ឋាន»។ លោក Dane Stuckey ប្រធាន​ផ្នែក​សន្តិសុខ​ព័ត៌មាន​របស់ OpenAI ក៏​បាន​បន្ថែម​ទៀត​ថា ការ​ចែករំលែក​កំណត់​ហេតុ​នេះ​នឹង «បង្ខំ​យើង​ឲ្យ​ប្រគល់​ការ​សន្ទនា​ផ្ទាល់ខ្លួន​រាប់​សិប​លាន​ករណី​ពី​មនុស្ស​ដែល​មិន​មាន​ទំនាក់​ទំនង​អ្វី​នឹង​បណ្តឹង​ដែល​គ្មាន​មូលដ្ឋាន​របស់ The Times»

ផ្ទុយ​ទៅ​វិញ ភាគី​ដើមបណ្តឹង គឺ​កាសែត The New York Times បាន​អះអាង​ថា កំណត់​ហេតុ​សន្ទនា​ទាំង​នោះ​គឺ​ចាំបាច់​ដើម្បី​បញ្ជាក់​ថា​តើ ChatGPT ពិតជា​បាន​ប្រើប្រាស់​ខ្លឹមសារ​ដែល​មាន​កម្មសិទ្ធិ​បញ្ញា​របស់​ពួក​គេ​ឬ​អត់។ ចំពោះ​ការ​ព្រួយបារម្ភ​អំពី​​ឯកជនភាព​នេះ អ្នក​នាំពាក្យ​របស់​កាសែត​បាន​ច្រាន​ចោល​ដោយ​ថ្លែង​ថា៖ «​ឯកជន​ភាពរបស់​អ្នក​ប្រើប្រាស់ ChatGPT ណា​ម្នាក់​មិន​មាន​គ្រោះថ្នាក់​ទេ»។ អ្នកនាំពាក្យ​បាន​ពន្យល់​បន្ថែម​ថា តុលាការ​បាន​បញ្ជា​ឲ្យ OpenAI ផ្តល់​​កំណត់​ហេតុ​សន្ទនា ដែល​ត្រូវ​បាន «លុប​ឈ្មោះ​ដោយ OpenAI ខ្លួន​ឯង ក្រោម​ដីកា​ការពារ​ផ្លូវ​ច្បាប់»។ សំណុំរឿង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​បណ្តឹង​ជា​ច្រើន​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុង​ប្រឈម​ជុំវិញ​ការ​ប្រើប្រាស់​ទិន្នន័យ​ដែល​មាន​កម្មសិទ្ធិ​បញ្ញា​ពី​អ៊ីនធឺណិត​ដើម្បី​បណ្តុះបណ្តាល​ប្រព័ន្ធ AI ខណៈក្រុមហ៊ុន OpenAI ត្រូវ​បាន​កំណត់​ពេល​ថ្ងៃ​សុក្រ​ដើម្បី​ប្រគល់​កំណត់​ត្រា​សន្ទនា​ទាំង​នោះ៕