iSoftStone និង IG Anachak Tech សហការគ្នាពង្រីកឱកាសឌីជីថល នៅអាស៊ីអាគ្នេយ៍

13-11-2025 15:25

(ប៉េកាំង-ចិន)៖ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. និង IG Anachak Tech Pte Ltd នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចព្រមព្រៀង សហការពង្រីកទីផ្សារ និងអភិវឌ្ឍឱកាសបរិវត្តកម្មឌីជីថល នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះកំណត់ក្របខ័ណ្ឌសហប្រតិបត្តិការរវាងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខទាំងពីរនេះ ដោយច្របាច់បញ្ចូលគ្នានូវចំណុចខ្លាំងរបស់ខ្លួនពោលគឺដំណោះស្រាយឌីជីថលទំនើបរបស់ iSoftStone ជាមួយនិងបណ្តាញទីផ្សារក្នុងតំបន់ ដំណោះស្រាយបច្ចេកវិទ្យាផ្ទាល់ខ្លួន ជំនាញ និងបទពិសោធន៍របស់ IG Anachak Tech សំដៅបម្រើដល់សហគ្រាសរដ្ឋ និងឯកជនដែលកំពុងស្វែងរកការធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន។ ដោយផ្តោតជាបឋមលើទីផ្សារកម្ពុជា ភាពជាដៃគូនេះនឹងពង្រីកបន្តិចម្តងៗទូទាំងតំបន់ទន្លេមេគង្គ ទៅតាមស្ថានភាពទីផ្សារ និងឱកាសជាក់ស្តែង។

កិច្ចសហការផ្តោតជាសំខាន់លើបច្ចេកវិទ្យាទំនើប មជ្ឈមណ្ឌលសេវាប្រចាំតំបន់ និងការអភិវឌ្ឍធនធានមនុស្សដែលក្នុងនោះភាគីទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធក្នុងការវាយតម្លៃឱកាសទីផ្សារ ការកសាងសមត្ថភាពបច្ចេកទេសក្នុងស្រុក និងការសហការអភិវឌ្ឍដំណោះស្រាយតាមតម្រូវការសម្រាប់បញ្ហាប្រឈមក្នុងតំបន់។

បច្ចេកវិទ្យាទំនើប៖ ភាពជាដៃគូនេះនឹងផ្តោតលើការសិក្សា និងណែនាំដំណោះស្រាយបច្ចេកវិទ្យាទំនើបបំផុតរួមមាន៖ បញ្ញាសិប្បនិមិត្ត (AI) សម្រាប់សហគ្រាសផ្តល់សេវាហិរញ្ញវត្ថុ និងរដ្ឋាភិបាលឌីជីថល រួមទាំងបច្ចេកវិទ្យា Digital Twin សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដោយប្រើប្រាស់សមត្ថភាពបច្ចេកទេសក្នុងស្រុក និងដំណោះស្រាយបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ IG Anachak Tech។

មជ្ឈមណ្ឌលសេវាប្រចាំតំបន់៖ កិច្ចសហការនេះនឹងសិក្សាបង្កើតមជ្ឈមណ្ឌលសេវាប្រចាំតំបន់ ដើម្បីផ្តល់សេវាបច្ចេកវិទ្យាក្រោមរូបភាពជាសេវា Business Process Outsourcing ដែលរួមមានការកែសម្រួលដំណោះស្រាយបច្ចេកវិទ្យាទំនើប ដូចជា AI សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលឌីជីថល ដល់ទីផ្សារក្នុងតំបន់។

ការអភិវឌ្ឍធនធានមនុស្ស៖ ភាពជាដៃគូនេះនឹងបង្កើតបន្ថែមទៀតនូវគ្រឹះស្ថានផ្តល់ប្រឹក្សា និងបណ្តុះបណ្តាលបច្ចេកវិទ្យា ដើម្បីកសាងសមត្ថភាពក្នុងស្រុកសម្រាប់ការអនុវត្ត និងផ្តល់សេវា ផលិតផល និងដំណោះស្រាយបច្ចេកវិទ្យារបស់ iSoftStone ដោយរួមចំណែកដល់ការកសាងធនធានមនុស្សឌីជីថលសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត។

លោក Li Huang នាយកសម្រាប់ការអភិវឌ្ឍអាជីវកម្មអន្តរជាតិរបស់ iSoftStone បានថ្លែងថា៖ «តំបន់អាស៊ីអាគ្នេយ៍កំពុងឈានដល់ចំណុចសំខាន់នៃការវិវត្តឌីជីថលរបស់ខ្លូន។ យើងពិនិត្យឃើញសក្តានុពលធំចេញពីកិច្ចសហការជាមួយ IG Anachak Tech ដែលមានជំនាញ និងទំនាក់ទំនងអតិថិជនក្នុងតំបន់អាចបំពេញបន្ថែមលើសមត្ថភាពបច្ចេកវិទ្យារបស់យើងយ៉ាងល្អឥតខ្ចោះ។ យើងមានគោលដៅរួមគ្នាក្នុងការជួយអង្គភាពនានាក្នុងទីផ្សារទាំងនេះឱ្យប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់កំណើនប្រកបដោយចីរភាព»។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IG Anachak Tech បានបន្ថែមថា៖ «សេដ្ឋកិច្ចឌីជីថលនៅតំបន់មេគង្គកំពុងមានកំណើនយ៉ាងឆាប់រហ័ស ហើយអង្គភាពនានាកំពុងត្រូវការដៃគូដែលអាចទុកចិត្តបាន និងយល់ច្បាស់អំពីនិន្នាការបច្ចេកវិទ្យាសកល និងស្ថានភាពអាជីវកម្មក្នុងតំបន់។ កិច្ចសហការជាមួយ iSoftStone ធ្វើឱ្យយើងជួយឱ្យយើងផ្តល់ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អាជីវកម្មកាន់តែប្រសើរ ព្រមទាំងធានាថាដំណោះស្រាយទាំងនោះសមស្របនឹងតម្រូវការ និងបរិបទនៃទីផ្សាររបស់យើង»។

iSoftStone Information Technology (Group) Co., Ltd. គឺជាក្រុមហ៊ុនចិនឈានមុខគេក្នុងការផ្តល់ផលិតផល និងសេវាឆ្លាតវៃគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងនៅទីក្រុងប៉េកាំងក្នុងឆ្នាំ២០០៥។ ក្រុមហ៊ុនមានជំនាញច្រើនផ្នែកដូចជា៖ បរិវត្តកម្មឌីជីថល ការផ្តល់ប្រឹក្សា សេវា Outsourcing សេវា Computing និងសេវាអាជីវកម្មសកល ដែលមានអតិថិជនសរុបជាង២៣០ ក្រុមហ៊ុនសុទ្ធសឹងជាក្រុមហ៊ុនធំៗទាំង៥០០ នៅប្រទេសចិន និងក្នុងពិភពលោក មកពីជាង១០វិស័យផ្សេងៗគ្នា។ ក្រុមហ៊ុនបានចុះបញ្ជីនៅផ្សារហ៊ុនស៊ិនជិន និងមានប្រតិបត្តិការជាអន្តរជាតិដោយផ្តោតលើផលិតផលឆ្លាតវៃប្រកបដោយនវានុវត្តន៍។

ក្រុមហ៊ុន IG Anachak Tech គឺជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ និងផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា ព្រមទាំងប្រតិបត្តិការនៅទូទាំងតំបន់មេគង្គ ចាប់តាំងពីឆ្នាំ ២០១២ តាមរយៈការបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនគឺ អាយឌាលីង ខនសាល់ធីង។ ក្រុមហ៊ុនមានជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍ និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ និងបានពង្រីកទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណឌីជីថល និងប្លុកឆេនជាដើម៕