ក្រុមហ៊ុន «រ៉ូយ៉ាល់ គ្រុប» គាំទ្រក្រសួងការងារ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើននៅកម្ពុជា

13-11-2025 16:13

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្ម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាបង្កើនឱកាសការងារដល់ប្រជាជនខ្មែរទូទាំងប្រទេស។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅអគារ ធនាគារ វីង ថៅវើ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយពង្រឹង សមត្ថភាពកម្លាំងពលកម្មកម្ពុជា និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធ រវាងគោលនយោបាយរដ្ឋាភិបាល និងគំនិតច្នៃប្រឌិតថ្មីៗរបស់វិស័យឯកជន។

លោករដ្ឋមន្ត្រី ហេង សួរ បានសង្កត់ធ្ងន់ពីសារៈសំខាន់រយៈពេលវែងនៃកិច្ចសហការនេះថា «ភាពជាដៃគូនេះគូសបញ្ជាក់យ៉ាងច្បាស់ថា វិស័យឯកជនអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងកម្លាំងពលកម្មដែលមានសមត្ថភាព និងអាចសម្របខ្លួនបានទៅតាមតម្រូវការការងារជាក់ស្តែង។ តាមរយៈការធ្វើការរួមគ្នានេះ យើងមិនត្រឹមតែអភិវឌ្ឍកម្លាំងពលកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏ជាការកសាងគ្រឹះសម្រាប់អនាគត ដ៏រីកចម្រើនរបស់កម្ពុជាផងដែរ»

ភាពជាដៃគូនេះកើតឡើង ចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ដ្បិតថាកំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាព ប្រទេសកម្ពុជាក៏កំពុងប្រឈមមុខ នឹងសម្ពាធកើនឡើងពីការរំខាននៃពាណិជ្ជកម្មក្នុងតំបន់ បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះជាមួយប្រទេសថៃ ដោយបានបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងប្រទេស ហើយខ្សែសង្វាក់ផ្គត់ផ្គង់មានការរអាក់រអួល។ ទន្ទឹមនឹងនេះ ការប្រកួតប្រជែងជាសកល និងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស កំពុងធ្វើឱ្យទីផ្សារការងារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការវិវត្តគួរឱ្យកត់សម្គាល់ផងដែរ។ យ៉ាងនេះក្តី ឧបសគ្គទាំងនេះក៏បានផ្តល់ឱកាសថ្មីៗផងដែរ ពោលគឺតាមរយៈការវិនិយោគលើការបណ្តុះបណ្តាលជំនាញ នវានុវត្តន៍ និងការជំរុញកំណើបរិយាបន្នហិរញ្ញវត្ថុ កម្ពុជាអាចពង្រឹងភាពធន់របស់ខ្លួន ទាក់ទាញការ វិនិយោគ ក៏ដូចជាពង្រឹងកម្លាំងពលកម្មរបស់ខ្លួន ឱ្យមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសកលលោក។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូនេះគឺជាការបើកទំព័រថ្មីមួយ នៃកិច្ចសហការរវាងក្រុមហ៊ុនឯកជន និងរដ្ឋ។ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា «ចក្ខុវិស័យរបស់យើងមិនត្រឹមតែបង្កើតឱកាសការងារប៉ុណ្ណោះទេ តែយើងខិតខំធ្វើយ៉ាងណារួមចំណែក កសាងអនាគតកម្ពុជាឱ្យកាន់តែភ្លឺស្វាង។ តាមរយៈការរួមបញ្ចូលគ្នានូវភាពខ្លាំងរវាងរដ្ឋ និងឯកជន យើងកំពុងវិនិយោគលើធនធានមនុស្ស បំពាក់បំប៉ននូវជំនាញ និងមធ្យោបាយចាំបាច់ដើម្បីជោគជ័យក្នុងយុគសម័យឌីជីថល និងជួយឱ្យប្រទេសរីកចម្រើនប្រកបដោយបរិយាបន្ន»

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់នេះ ស្ថាប័នទាំងពីរនឹងសហការគ្នាលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ រួមមាន ការលើកកម្ពស់កិច្ចសហការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋ និងឯកជន ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ព្រមទាំងកែលម្អការអប់រំសម្រាប់អភិវឌ្ឍកម្លាំងពលកម្ម ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្ម អាចប្រកួតប្រជែងប្រកបដោយភាពស្វាហាប់ និងត្រៀមខ្លួនសម្រាប់អនាគត។ គំនិតផ្តួចផ្តើមនេះ គឺស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងការប្រែក្លាយការអភិវឌ្ឍធនធានមនុស្ស ឱ្យក្លាយជាកម្លាំងចលករជំរុញវឌ្ឍនភាពជាតិ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលសមស្របតាមតម្រូវការឧស្សាហកម្ម ក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូរគមនាគមន៍ ថាមពល និងបដិសណ្ឋារកិច្ច ដោយអាចធានាថាកម្លាំងពលកម្មកម្ពុជា មានលទ្ធភាពឆ្លើយតបទៅកំណើនតម្រូវការ ស្របតាមបរិការណ៍សេដ្ឋកិច្ច ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏នឹងគាំទ្រដល់គំនិតផ្តួចផ្តើម បណ្តុះបណ្តាលគ្រូបង្គោល និងពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងផ្តល់ការគាំទ្រលើកកម្ពស់ជំនាញឌីជីថលសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត ឬហៅថា AI បចេ្ចកវិទ្យាក្លោដ ការវិភាគទិន្នន័យ រ៉ូបូត និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មជាដើម ដែលទាំងអស់នេះស្របតាមរបៀបវារៈ នៃការចាប់យកបរិវត្តកម្មឌីជីថលរបស់កម្ពុជាផងដែរ។

ដើម្បីពង្រឹងបទពិសោធន៍ជាក់ស្តែង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងណែនាំគំរូកម្មវិធីហ្វឹកហ្វឺន «រៀនផង ធ្វើការផង» ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយបញ្ចូលការអប់រំក្នុងថ្នាក់រៀន ជាមួយនឹងបទពិសោធន៍នៅកន្លែងធ្វើការ ព្រមទាំងមានការណែនាំ និងការផ្តល់វិញ្ញាបនបត្រ ដែលអនុលោមតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CQF)។ ក្នុងពេលជាមួយគ្នានេះ គំនិតផ្តួចផ្តើមដូចជា ការធ្វើតេស្តវាយតម្លៃសមត្ថភាព (RPL) នឹងផ្តល់ឱកាសសម្រាប់កម្មករនិយោជិត ក្នុងការធ្វើឱ្យជំនាញរបស់ពួកគេទទួលស្គាល់ជាផ្លូវការ ហើយជួយឱ្យអាជីពការងាររបស់ពួកគេកាន់តែប្រសើរទៀតផង។

ភាពជាដៃគូនេះក៏នឹងបង្កើតវិធីសាស្ត្រជាក់ស្តែង នៅក្នុងដំណើរការការងារ ដោយរាប់ចាប់ផ្តើមពីការជ្រើសរើសនិងការផ្គូផ្គងការងារ រហូតដល់កម្មវិធីអាជីពការងារប្រកបដោយបរិយាបន្ន រួមបញ្ចូលទាំងការផ្តល់ការងារដល់ក្រុមងាយរងគ្រោះផងដែរ។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងភស្តុភារសម្រាប់ការរៀបចំព្រឹត្តិការណ៍ការងារ ការផ្សព្វផ្សាយឌីជីថល ក៏ដូចជាការបណ្តុះបណ្តាល ដើម្បីធានាថាឱកាសការងារទាំងអស់ មានភាពងាយស្រួល ត្រូវបានផ្សព្វផ្សាយទូលំទូលាយ និងមាននិរន្តរភាពសម្រាប់មនុស្សគ្រប់គ្នា។ ជាមួយគ្នានេះ ស្ថាប័នទាំងពីរនឹងធ្វើការ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់ អំពីយន្តការដោះស្រាយវិវាទការងារ និងពង្រឹង សមត្ថភាពតំណាងកម្មករនិយោជិត ដើម្បីជំរុញកិច្ចសន្ទនាសង្គមប្រកបដោយភាពស្ថាបនា និងរក្សាបាននូវទំនាក់ទំនងវិជ្ជាជីវៈដែលចុះសម្រុងគ្នា។

លើសពីការត្រៀមលក្ខណៈសម្រាប់កម្លាំងពលកម្ម កិច្ចសហការនេះក៏គ្របដណ្តប់លើការគាំពារសង្គម និងបច្ចេកវិទ្យាឌីជីថលប្រកបដោយបរិយាបន្ន តាមរយៈការរៀបចំប្រព័ន្ធ ប.ស.ស. (NSSF) ឱ្យកាន់តែទំនើប ដោយប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថល ដែលមានសុវត្ថិភាព និងរហ័ស ដែលធ្វើឱ្យការទូទាត់សម្រាប់សមាជិក ក្រុមអ្នកផ្តល់សេវាសុខាភិបាល និងសិស្សានុសិស្សកាន់តែមានភាពងាយស្រួល។ ការងារនេះនឹងត្រូវបានបំពេញបន្ថែម តាមរយៈយុទ្ធនាការអប់រំសាធារណៈដែលរៀបចំឡើង ដើម្បីពង្រីកវិសាលភាពនៃការធានារ៉ាប់រងសន្តិសុខសង្គម និងលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុឌីជីថលទូទាំងប្រទេស។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយយោគចម្រុះឈានមុខគេនៅកម្ពុជា ជាមួយនឹងការវិនិយោគនៅក្នុងវិស័យទូរគមនាគមន៍ ធនាគារ ថាមពល ប្រព័ន្ធផ្សព្វផ្សាយ បដិសណ្ឋារកិច្ច និងអចលនទ្រព្យជាដើម បានរួមចំណែកកសាង និងការអភិវឌ្ឍជាតិជាយូរមកហើយ។ អនុស្សរណៈនៃការយោគយល់នេះបានបញ្ជាក់ ពីគោលជំហរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បន្ថែមទៀត ក្នុងការជំរុញកំណើនប្រកបដោយនិរន្តរភាព និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជា តាមរយៈនវានុវត្ត កាលានុវត្តភាព និងភាពជាដៃគូដែលនាំមកនូវវឌ្ឍនភាព ដ៏ត្រចះត្រចង់សម្រាប់សហគមន៍ និងប្រទេសជាតិ៕