រឿងរ៉ាវភ្ញាក់ផ្អើល! Lerby ជាកីឡាករបាល់ទាត់ ១រូបគត់ ដែលបានលេង ២ប្រកួតក្នុង ១ថ្ងៃ និង ២ប្រទេសផ្សេងគ្នាទៀត
13-11-2025 16:29
(បរទេស)៖ ខ្សែបម្រើ Soren Lerby អតីតកីឡាករបាល់ទាត់តែម្នាក់គត់ ដែលបានលេង ២ប្រកួតក្នុង ១ថ្ងៃ និង ២ប្រទេសផ្សេងគ្នាទៀតផង ក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
គាត់បានលេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាក និងក្លឹប Bayern Munich ផងដែរ ក្នុងថ្ងៃតែមួយ និងស្ថិតនៅ ២ប្រទេសផ្សេងគ្នា។
កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ប្រហែលជា ៤០ឆ្នាំកន្លងទៅ Lerby បានស្ថិតក្នុងក្រុមជម្រើសជាតិដាណឺម៉ាក លេងនៅទីក្រុង Dublin នៃការប្រកួតជម្រុះ World Cup ឆ្នាំ១៩៨៦ ជុំចុងក្រោយ នៅមុនពេលត្រឡប់ទៅជួយក្លឹប Bayern ដើម្បីលេងវគ្គ ១៦ក្រុមពាន German Cup ទល់នឹងក្រុម Bochum របស់អាល្លឺម៉ង់នាពេលល្ងាច។
ក្នុងឱកាសនោះដែរ ដាណឺម៉ាកត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីទទួលបានកៅអីឡើងទៅជុំចុងក្រោយនៃ World Cup 1986 ដែលមានមិចស៊ិកធ្វើម្ចាស់ផ្ទះ ស្របពេលប្រធានក្លឹប Bayern លោក Uli Hoeness ក៏បានស្នើសុំឱ្យ Lerby លេងក្នុងប្រកួតទល់នឹង Bochum ដែរ។
Lerby ដែលមានកាយសម្បទារឹងមាំនោះ មិនបានបដិសេធនោះឡើយ ដោយបានស្នើសុំគ្រូបង្វឹកដាណឺម៉ាកលេងតែ ៤៥នាទី ឬតិចជាងនេះ នៅមុនពេលធ្វើដំណើរដោយយន្តហោះឯកជនត្រឡប់មកអាល្លឺម៉ង់វិញ។
លោកថា «ខ្ញុំមិនបានគិតថា វាគឺជារឿងឆ្កួតអីនោះទេ ដោយសារតែខ្ញុំស្ថិតក្នុងស្ថានភាពដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំទៅវិញទេ»៕




