ការបើកដំណើរការជាផ្លូវការ Plaza Premium First និង Plaza Premium Lounge លើកកម្ពស់សេវាកម្ម ជូនដល់អ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

13-11-2025 22:35

(ភ្នំពេញ)៖ ក្រុមហ៊ុន Plaza Premium Group (PPG) ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងវិស័យបដិសណ្ឋារកិច្ច ក្នុងអាកាសយានដ្ឋាន បានដាក់ឲ្យដំណើរការជាផ្លូវការ នូវ Plaza Premium First និង Plaza Premium Lounge។

ការលេចវត្តមាន របស់ Plaza Premium First និង Plaza Premium Lounge ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងចូលរួមបន្ថែមលើការផ្ដល់សេវាកម្មចំណីអាហារសម្រាប់អ្នកដំណើរ ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ។

ការបើកដំណើរការជាផ្លូវការនេះ រៀបចំឡើងក្រោមការចូលរួមរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយលោក សាហារូឌីន អូន ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជាព្រមទាំងលោកស្រីវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ា គ្រុប លោកឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) អ្នកឧកញ៉ា លី ឃុនថៃប្រធាន និងស្ថាបនិកក្រុមហ៊ុន Alpha Group Co., Ltd., លោកឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា និងលោក Datuk Wira Song Hoi-See ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Plaza Premium Group រួមជាមួយភ្ញៀវកិត្តិយស និងតំណាងប្រព័ន្ធផ្សព្វផ្សាយនានា។

ការបើកសម្ពោធ Plaza Premium First និង Plaza Premium Lounge បានកើតឡើងស្របជាមួយនឹងការផ្លាស់ប្តូរនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។

ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ទីក្រុងភ្នំពេញបានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ១,៥ លាននាក់ ដែលនេះបានឆ្លុះបញ្ចាំងពីការកើនឡើងចំនួន ៣០% បើធៀបនឹងឆ្នាំមុន ខណៈពេលដែលប្រទេសកម្ពុជាកំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលតំបន់សម្រាប់ទាំងការកម្សាន្ត និងការធ្វើដំណើរបែបអាជីវកម្ម។

ដោយយុទ្ធសាស្ត្រស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអាកាសចរណ៍ទំនើប និងសន្សំសំចៃបរិស្ថានបំផុតមួយរបស់អាស៊ីអាគ្នេយ៍ (រចនាដោយក្រុមហ៊ុន Foster + Partners) កន្លែងសម្រាកទាំងពីរបានលើកកម្ពស់ការផ្តល់បដិសណ្ឋារកិច្ចរបស់កម្ពុជា និងបង្កើតចំណាប់អារម្មណ៍ដ៏ស្ថិតស្ថេរ សម្រាប់អ្នកដំណើរ ដែលមលេងកម្ពុជា។

Plaza Premium Lounge ភ្នំពេញបានស្វាគមន៍ភ្ញៀវជាមួយនឹងកន្លែងដ៏មានផាសុកភាពចំនួន១២០កៅអី ដើម្បីអបអរសាទរនូវបេតិកភណ្ឌដ៏សម្បូរបែប របស់ប្រទេសកម្ពុជា តាមរយៈមុខម្ហូបក្នុងស្រុក សិល្បៈ និងវប្បធម៌ដែលមានលក្ខណៈពិសេស។ អ្នកតំណាងស្លៀកសំពត់ ដែលជាសម្លៀកបំពាក់ជាតិដ៏ឆើតឆាយរបស់កម្ពុជា ដើម្បីស្វាគមន៍ភ្ញៀវប្រកបដោយភាពកក់ក្តៅតាមបែបប្រពៃណី។

លោក Datuk Wira Song Hoi-See ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Plaza Premium Group បានថ្លែងថា «ការបើកសម្ពោធ Plaza Premium First និង Plaza Premium Lounge នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ស្របតាមបេសកកម្មក្នុងការធ្វើឲ្យការធ្វើដំណើរកាន់តែ ប្រសើរ Make Travel Better។ វិស័យនៃអាកាសចរណ៍ និងទេសចរណ៍របស់កម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយយើងមានកិត្តិយសណាស់ដែលបានចូលរួមចំណែក និងដើរតួនាទីក្នុងការលើកកម្ពស់បទពិសោធអ្នកដំណើរ តាមរយៈបដិសណ្ឋារកិច្ចលំដាប់ពិភពលោករបស់នេះ ដែលបំផុសគំនិតដោយវប្បធម៌ និងភាពកក់ក្តៅរបស់ប្រទេសនេះ»។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានថ្លែងថា ការបើកសម្ពោធ Plaza Premium lounges ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់យើងក្នុងការបង្កើនបទពិសោធ ន៍ អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយសង្ឃឹមថាអ្នកដំណើរនឹងរីករាយក្នុងការប្រើប្រាស់គ្រឿងបរិក្ខារទាំងនេះដែលផ្ដល់ដោយអ្នក ជំនាញអន្តរជាតិរបស់ Plaza Premium Group ប្រកបដោយភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។

កិច្ចសហការរវាង Plaza Premium Group និង CAIC នេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់បទពិសោធអាកាសយានដ្ឋានដ៏អស្ចារ្យ ដែលលើកស្ទួយបេតិកភណ្ឌរបស់ប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់កំណើននាពេលអនាគតរបស់ខ្លួន។

ជាមួយនឹងគម្រោងពង្រីករបស់ KTI រួមទាំងការប៉ាន់ស្មានចំនួនភ្ញៀវទេសចរណ៍ចំនួន ៥០ លាននាក់ត្រឹមឆ្នាំ ២០៥០ The Lounges ទាំងនេះនឹងបម្រើជាចំណុចទំនាក់ទំនងដ៏សំខាន់សម្រាប់យុគសម័យថ្មីនៃការតភ្ជាប់ និងការអភិវឌ្ឍវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាប់ថា ក្រុមហ៊ុន Plaza Premium Group (PPG) គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ក្នុងវិស័យបដិសណ្ឋារកិច្ចអាកាសយានដ្ឋាន និងដំណោះស្រាយសេវាអ្នកដំណើរ។

ក្រុមហ៊ុននេះជាកន្លែង សម្រាប់សម្រាករង់ចាំនៅអាកាសយានដ្ឋានដ៏ធំបំផុតទូទាំងពិភពលោក និងផ្តល់ជូនបទពិសោធន៍បដិសណ្ឋារកិច្ចអាកាសយានដ្ឋាន៣៦០ដឺក្រេ ជាមួយនឹងម៉ាកយីហោ១៤ប្រភេទ ក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយកំពុងប្រតិបត្តិការនៅក្នុង១៥០ប្រទេស លើអាកាសយានដ្ឋានអន្តរជាតិ និងក្នុងស្រុកចំនួន៦០០ និងបម្រើអ្នកដំណើរ២៤លាននាក់ជារៀងរាល់ឆ្នាំ៕