គោព្រៃកម្ពុជា ទទួលបានការសសើរ ក្រោយវាយបកស្មើម្ចាស់ផ្ទះហុងកុង ១-១
13-11-2025 22:48
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើក្រុមជម្រើសហុងកុង ដោយលទ្ធផល ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅព្រលប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកីឡដ្ឋានហុងកុង ស្របពេលអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរទម្រង់លេងរបស់ក្រុមគោព្រៃកម្ពុជាថ្ងៃនេះ។
ជំនួបដ៏ជក់ចិត្តនេះ កីឡាករ Wong Wai បានរកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះហុងកុង ១គ្រាប់មុន នៅនាទី៣២ តែ ២នាទីក្រោយមកកីឡាករ សារ៉េត គ្រីយ៉ា ក៏តែតបញ្ចប់ទីគ្រាប់តាមស្មើឲ្យក្រុមជម្រើសជាតិកម្ពុជាវិញ រហូតដល់ចប់វគ្គទី១។
ចូលវគ្គទី២ ក្រុមទាំងពីរ បានវាយសម្រុកគ្នាទៅវិញទៅមក ពិសេសក្រុមគោព្រៃកម្ពុជា ដែលបានបង្កើតឱកាសមុតស្រួចជាច្រើនលើក ក្នុងការស៊ុតបញ្ចប់ទី ជាក់ស្ដែងឱកាស ៤លើករបស់ សារ ទី និង Andres Neito តែសោកស្ដាយធ្វើមិនបានសម្រេច។ រីឯហុងកុង ក៏មានឱកាសជាច្រើនផងដែរ តែមិនអាចទម្លាយរបាំងការពារកម្ពុជា នាំឲ្យការប្រកួតបញ្ចប់ ដោយលទ្ធផលស្មើគ្នា ១-១។
ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិលើបណ្ដាញសង្គម កោតសរសើរទម្រង់លេងរបស់កីឡាករកម្ពុជា ទោះបីមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀបចំក្រុម ពោលគឺមានពេលហ្វឹកហាត់ជុំគ្នាតែ ១ថ្ងៃប៉ុណ្ណោះ មុនការប្រកួតមិត្តភាពអន្ដរជាតិក្រៅដីនេះ៕










