ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្ដើមបានកៅអីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅជប៉ុន

14-11-2025 09:11

(ភ្នំពេញ)៖ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ដណ្ដើមបានកៅអីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) លើកទី៥ នៅទីក្រុង Nagoya ប្រទេសជប៉ុន នាឆ្នាំ២០២៦ ហើយ បន្ទាប់ពីធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងឯក IWBF អាស៊ី-អូសេអានី ឆ្នាំ២០២៥(The 2025 IWBF Asia Oceania Championships) នៅប្រទេសថៃ ចាប់ពីថ្ងៃទី៧-១៥ ខែវិច្ឆិកា ដោយឆ្លងកាត់ ៥ប្រកួតឈ្នះ ៤ និងចាញ់ ១។

ព្រឹត្តិការណ៍ខាងលើ ក្រៅពីការប្រកួតប្រជែងដណ្ដើមជ័យលាភីប្រចាំឆ្នាំ ក៏ជាវេទិការប្រជែងកៅអីចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នៅជប៉ុនផងដែរ។ ក្នុងការប្រកួតវិញ្ញាសា ៥នាក់ ទល់ ៥នាក់នេះ គឺមាន ៩ប្រទេសចូលរួម និងបែងចែកជា ២កម្រិត ក្នុងនោះកម្រិត Division A មានក្រុមអូស្ដ្រាលី ចិន និងជប៉ុន និង Division A គឺមានកម្ពុជា ឥណ្ឌា អ៊ីរ៉ង់ ឡាវ ហ្វីលីពីន និងម្ចាស់ផ្ទះថៃ ដែលត្រូវការប្រកួត ១ជុំ ដើម្បីស្វែងរកក្រុមលេខ១ ឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយបេក្ខភាពក្រុម Division A។

ក្នុងបេសកកម្មដ៏សំខាន់នេះ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដោយបើកឆាកបានយកឈ្នះក្រុមខ្លាំងអ៊ីរ៉ង់ ដោយលទ្ធផល ៥៨-៤៣ពិន្ទុ ដ្បិតកន្លងមកកម្ពុជា មិនធ្លាប់ឈ្នះឡើយ ហើយបន្ដយកឈ្នះឡាវ ៦៧-៤០ពិន្ទុ មុនចាញ់ម្ចាស់ផ្ទះថៃ ៣៩-៦២ពិន្ទុ។ ប៉ុន្ដែ ២ប្រកួតចុងក្រោយ កម្ពុជាបានបន្ដជ័យជម្នះជាប់ៗគ្នា ដោយយកឈ្នះហ្វីលីពីន ៦៣-១៤ពិន្ទុ និងឈ្នះឥណ្ឌា ដោយលទ្ធផល ៧៩-២៩ពិន្ទុ។ លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ឈរលេខ២ បន្ទាប់ពីថៃ ដែលឈរលេខ១ ក្នុង Division B។

ទោះមិនអាចឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួត The 2025 IWBF Asia Oceania Championships ប៉ុន្ដែលទ្ធផលនេះ បានជួយឲ្យក្រុមបាល់បោះជិះរទេះនារីកម្ពុជា ទទួលបានកៅអីដើម្បីចូលរួមព្រឹត្តិការណ៍ Asian Para Games លើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ហើយក៏ជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មី សម្រាប់ក្រុមកម្ពុជា ដែលដណ្ដើមបានកៅអីដ៏មានអត្ថន័យនេះ ដោយមិនចាំបាច់ស្នើសុំសិទ្ធអនុគ្រោះចូលរួមព្រឹត្តិការណ៍កម្រិតទ្វីបនេះទៀតឡើយ។ ជោគជ័យនេះ ក៏ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ សម្ដែងការសាទរជាខ្លាំងផងដែរ៕