Musetti ធ្លាក់ចេញពី ATP Finals ពេលនេះក៏ប្រកាសដកខ្លួនពីពាន Davis Cup ក្នុងហេតុផលមួយ

14-11-2025 10:09

(អ៉ីតាលី)៖ កីឡាករ Lorenzo Musetti បានសម្រេចប្រកាសដកខ្លួនចេញពីក្រុមអ៊ីតាលី ដែលនឹងត្រូវប្រកួតការពារតំណែងជើងឯក Davis Cup របស់ពួកគេនៅទីក្រុង Bologna នៅសប្តាហ៍ក្រោយនោះ ដោយរូបគេបានលើកឡើងពីហេតុផលរាងកាយ និងគ្រួសារ បន្ទាប់ពីចាញ់កីឡាករ Carlos Alcaraz នៅ ATP Finals ក្នុងទីក្រុង Turin ។

ក្រុមអ៊ីតាលី ជាក្រុមឈ្នះពាន Davis Cup ២លើកចុងក្រោយជាប់គ្នា ក៏ត្រូវអវត្តមានកីឡាករឆ្នើម Jannik Sinner បន្ទាប់ពីកីឡាករលំដាប់ទី២ របស់ពិភពលោករូបនេះ បានសម្រេចចិត្តមិនចូលរួមក្រុមដោយសាហេតុផល គឺចង់រក្សាទម្រង់លេងនឹងសុខភាពត្រៀមការការពារតំណែងជើងឯក Australian Open របស់គាត់នៅឆ្នាំ២០២៦ ដែលលេងនៅចន្លោះខែមករា នឹងខែកុម្ភៈ ។

បញ្ជាក់ផងថា ពានរង្វាន់ Davis Cup 2025 នឹងចាប់ផ្តើមលេងនៅថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ដោយក្រុមការពារតំណែងជើងឯកអ៉ីតាលី ត្រូវប៉ក្រុមអូទ្រីស ជាមួយនឹងក្រុមបារាំង ជួបក្រុមប៊ែលហ្ស៊ិក, អេស្ប៉ាញដែលនឹងមានវត្តមាន Alcaraz ត្រូវប៉ះក្រុមសាធារណៈរដ្ឋឆេក ហើយក្រុមអាហ្សង់ទីន តទល់នឹងអាល្លឺម៉ង់ ក្នុងវគ្គ ៨ក្រុមចុងក្រោយ ។

សូមជម្រាបផងថា ពានរង្វាន់ Davis Cup 2025 គឺជាការប្រកួតជំនាន់ទី១១៣ ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិក្នុងវិញ្ញាសាវាយកូនបាល់បុរស ហើយកម្មវិធីនេះក៏ជាផ្នែកមួយនៃកម្រិត ATP Tour ៕