អាហ្វ្រិកខាងត្បូង បង្ហាញបំណងដាក់សំណើរ រៀបចំកីឡាអូឡាំពិកឆ្នាំ ២០៣៦ ឬ ២០៤០
14-11-2025 10:51
(អាហ្រ្វិកខាងត្បូង)៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា មានគម្រោងចូលរួមដេញថ្លៃនៅការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ ២០៣៦ ឬ ២០៤០ ខណៈប្រសិនជាបានសម្រេចនោះនឹងក្លាយប្រទេសក្នុងអាហ្រ្វិកដំបូងគេនៅការរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។
សូមរំលឹកផងថា ទីក្រុង Cape Town របស់អាហ្រ្វិកខាងត្បូង ពីមុនក៏ធ្លាប់ដាក់សំណើរបានដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៤ ផងដែរ តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងការបោះឆ្នោតបន្ទាប់ពីទីក្រុងរ៉ូម។
សូមជម្រាបផងថា មុនពេលបង្ហាញការចូលរួមដេញថ្លៃកីឡាអូឡាំពិកឆ្នាំ ២០៣៦ ឬ ២០៤០ ទីក្រុងឆ្នេរសមុទ្រ Durban របស់អាហ្រ្វិកខាងត្បូង ធ្លាប់បានឈ្នះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Commonwealth Games 2022 ក៏ប៉ុន្តែបានដកខ្លួនចេញនៅឆ្នាំ២០១៧ ដោយសារតែការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានេះ ទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា, ទីក្រុង Doha របស់កាតា, ទីក្រុង Istanbul របស់ប្រទេសទួរគី និងទីក្រុង Santiago ក្នុងប្រទេសឈីលី ក៏ធ្លាប់បានបញ្ជាក់ពីចេតនាក្នុងការដេញថ្លៃសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០៣៦ ផងដែរ។
សូមជម្រាបផងថា អាហ្វ្រិកខាងត្បូង ធ្លាប់បានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ធំៗ មានដូចជា Rugby World Cup 1995, Cricket World Cup 2003 និង FIFA World Cup 2010៕
អាហ្វ្រិកខាងត្បូង ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាគ្រីឃីតម្តងទៀតនៅឆ្នាំ២០២៧ រួមជាមួយប្រទេសណាមីប៊ី និងហ្ស៊ីមបាវ៉េ ជាមួយគោលដៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រណាំងរថយន្ត Formula 1 Grand Prix ចាប់ពីឆ្នាំ២០២៧ តទៅ នឹងជាលើកដំបូងសម្រាប់ទ្វីបអាហ្វ្រិកផងដែរ៕




