សែលកាត ចាប់ដៃគូសហការជាមួយ WOWNOW ផ្ដល់ជូនបទពិសោធឌីជីថលថ្មីនៅកម្ពុជា

14-11-2025 10:58

(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលក្នុងស្រុកផ្ដល់ជូនសេវាកម្មទូរស័ព្ទចល័តដ៏ធំទូលាយនៅកម្ពុជា និង WOWNOW ដែលជាកម្មវិធីទូរស័ព្ទកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផ្ដល់ជូនសេវាកម្មកម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ សេវាកម្មកក់កន្លែង និងសេវាកម្មជាច្រើនទៀត បានប្រកាសពីដៃគូយុទ្ធសាស្ត្រក្រោមប្រធានបទកាន់តែប្រសើរជាមួយគ្នា «Better Together» ក្នុងគោលបំណងផ្ដល់ជូនសេវាកម្មឌីជីថលដ៏សម្បូរបែបជូនដល់អតិថិជន និងភ្ញៀវទេសចរទូទាំងប្រទេសកម្ពុជា។

កិច្ចសហការនេះនឹងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិសម្រាប់ការមកទស្សនានៅប្រទេសកម្ពុជា ជាមួយនឹងការប្រើប្រាស់សេវាកម្មផ្សេងៗបែបឌីជីថល។ ក្រុមហ៊ុនសែលកាត និង WOWNOW ប្តេជ្ញាផ្ដល់ជូនភ្ញៀវទេសចរទាំងអស់នូវទំនាក់ទំនង និងសេវាកម្មឌីជីថលផ្សេងៗដោយគ្មានភាពរអាក់រអួល ចាប់តាំងពីឈានជើងចូលប្រទេសកម្ពុជាភ្លាមៗ។

បន្ថែមពីនេះភាពជាដៃគូក្រោមប្រធានបទ «Better Together» មិនត្រឹមតែផ្ដល់ជូនអត្ថប្រយោជន៍ទៅកាន់អតិថិជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ក្រុមហ៊ុនសែលកាត និង WOWNOW ក៏បានបង្កើតអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងអ្នកបើកបរដើម្បីពង្រឹងចំណងរវាងក្រុមហ៊ុនឌីជីថលទាំងពីរ។ កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុជាឱ្យកាន់តែរឹងមាំ ដើម្បីធានាថាអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ព្រមទាំងសេវាកម្មឌីជីថលដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនសែលកាត ចាប់ដំណើរការក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករក្នុងស្រុកដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជននៅប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាតគឺជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយក្នុងប្រទេសកម្ពុជាដែលមានអតិថិជនជាង ៤លាននាក់ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។ ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ ដោយប្រសិទ្ធភាពបំផុត។

WOWNOW គឺជាកម្មវិធីផ្តល់សេវាកម្មដំបូងគេដែលមានមុខងារដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ សេវាកម្មទាំងអស់នោះមានដូចជា កម៉្មង់អាហារ សេវាកម្ម មធ្យោបាយធ្វើដំណើរ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ លើសពីនេះទៅទៀត ក៏មាននូវសេវាកម្មផ្សេងៗបន្ថែមទៀតដូចជាបញ្ចូលទឹកប្រាក់ក្នុងហ្គេមតាមអេប សេវាកម្មទេសចរណ៏ និងបញ្ចូលកាតទូរស័ព្ទផងដែរ។ បច្ចុប្បន្នមានដៃគូរសហការណ៍ដែលជាហាងទំនិញនិងអាហារជាង ៣ម៉ឺនហាង និងអ្នកបើកបរជាច្រើនដែលកំពុងបម្រើការដើម្បីផ្ដល់សេវាកម្មទៅកាន់អតិថិជនក្នុងប្រទេសកម្ពុជាទូទាំងប្រទេស។

ក្រុមហ៊ុន WOWNOW បានពង្រីកនិងបម្រើសេវាកម្មនៅក្នុង៧ខេត្តក្រុងនៃប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់គំរូសម្ព័ន្ធឌីជីថលឈានមុខគេ ដើម្បីកែប្រែរចនាបថជីវិតឲ្យកាន់តែងាយស្រួល ទៅកាន់ទីផ្សារនៃប្រទេសផ្សេងៗក្នុងអាស៊ីអាគ្នេយ៍ផងដែរ។ សូមសាកល្បងទទួលយកអត្ថប្រយោជន៍ពីជីវិតក្នុងសម័យអនឡាញ, អ្វីៗគ្រប់យ៉ាងគឺស្ថិតក្នុង WOWNOW SUPER APP៕