មកស្គាល់ «Bulletin Board»៖ មុខងារថ្មីបំផុតរបស់ TikTok ដែលអ្នកបង្កើតវីដេអូដែលមាន ៥ ម៉ឺន Follower ត្រូវតែដឹង
14-11-2025 11:36
(បរទេស)៖ ក្រុមហ៊ុន TikTok ទើបតែបានប្រកាសដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីមួយដ៏គួរឱ្យចាប់អារម្មណ៍គឺ «Bulletin Board» (ក្តារប្រកាសព័ត៌មាន ឬ មុខងារផ្ញើសារជាសាធារណៈ)។ មុខងារនេះត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុន និងអ្នកបង្កើតវីដេអូ (Creators) ដើម្បីអាចផ្ញើសារ ជាអក្សរ រូបភាព ឬវីដេអូ ដោយផ្ទាល់ទៅកាន់អ្នកតាមដាន (follower) របស់ពួកគេ ដូចទៅនឹងមុខងារ Broadcast Channels របស់ Instagram ដែរ។ គោលដៅគឺដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកបង្កើតវីដេអូ និងអ្នកគាំទ្រ ដោយអនុញ្ញាតឱ្យពួកគេចែករំលែកព័ត៌មានថ្មីៗ និងខ្លឹមសារពិសេសៗ ដែលមិនចាំបាច់បង្ហោះតាមរយៈ Story ឬ Feed ធម្មតា ទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយ TechCrunch។
មុខងារ Bulletin Board នេះនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់បន្តិចម្តងៗទៅដល់អ្នកបង្កើតវីដេអូណាដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានអ្នកតាមដានយ៉ាងតិច ៥០,០០០ នាក់។ ក្នុងអំឡុងពេលនៃការសាកល្បង គេសង្កេតឃើញថា សិល្បករ តន្ត្រីករ រួមទាំងស្ថាប័នធំៗដូចជា ទស្សនាវដ្តី People magazine និងក្លឹបបាល់ទាត់ Paris Saint-Germain បានប្រើប្រាស់វាដើម្បីផ្សព្វផ្សាយព័ត៌មាន និងការចេញផ្សាយថ្មីៗ។ ចំណែកឯអ្នកគាំទ្រវិញ អាចចូលរួមបន្ទប់ពិសេសនេះបានយ៉ាងងាយ ត្រឹមតែចុចលើឈ្មោះរបស់ Bulletin Board នៅក្រោមប្រវត្តិរូបសង្ខេប (Bio) របស់ Creator ហើយពួកគេនឹងទទួលបានសារជូនដំណឹងរាល់ពេលមានការបង្ហោះថ្មីចូលទៅក្នុងប្រអប់សាររបស់ខ្លួន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ការបង្ហោះនៅក្នុង Bulletin Board គឺមានលក្ខណៈ ឯកតោភាគី មានន័យថា មានតែអ្នកបង្កើតវីដេអូប៉ុណ្ណោះដែលអាចបង្ហោះបាន ហើយអ្នកតាមដានគ្រាន់តែអាចឆ្លើយតបដោយប្រើ ប្រតិកម្ម Emoji ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន TikTok បានធានាចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់។
ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ដូចទៅនឹងមាតិកាទាំងអស់នៅលើ TikTok ដែរ មាតិកាទាំងអស់ត្រូវតែអនុលោមតាមគោលការណ៍ណែនាំសហគមន៍របស់យើង... ឧបករណ៍សុវត្ថិភាពរបស់យើងសម្រាប់ការបិទសំឡេង ការប្លុក និងការរាយការណ៍អ្នកប្រើប្រាស់ និងមាតិកាគឺអាចប្រើបាននៅក្នុង Bulletin Board ដើម្បីជួយរក្សាសហគមន៍ឱ្យមានសុវត្ថិភាព និងវិជ្ជមាន»។ ដូច្នេះ អ្នកប្រើប្រាស់អាចប្រាកដថា មុខងារថ្មីនេះនឹងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទាំងដោយប្រព័ន្ធបច្ចេកវិទ្យា និងអ្នកត្រួតពិនិត្យដោយមនុស្ស៕











